SEA GAMES

ឧកញ៉ា ស្រី ចាន់ថន ធ្វើការផ្លាស់ប្ដូររចនាបថខ្មែរមួយនៅក្នុងការបង្កើតខ្សែក្រវ៉ាត់កម្រិតពិភពលោក ក្រោយទទួលបានយោបល់ពីអ្នកលេងបណ្ដាញសង្គម និងឆ្លងកាត់ការពិភាក្សាជាមួយព្រឹទ្ធាចារ្យផ្នែកវប្បធម៌ និងគុនខ្មែរ

BY
Liny Chan
March 19, 2023

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានបង្ហោះសុំយោងបល់បងប្អូនអ្នកលេងបណ្ដាញសង្គម ពីការបង្កើតខ្សែក្រវ៉ាត់កម្រិតពិភពលោកដែលរួមបញ្ចូលនៅរចនាបថខ្មែរដ៏ល្អឯករួមមាន៖ យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និងចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និងចំបាប់។

យ៉ាងណាមិញ ក្រោយការបង្ហោះនោះ នៅរសៀលថ្ងៃទី១៩ ខែមីនា នេះ លោកឧកញ៉ា បានប្រកាសថា នឹងផ្លាស់ប្ដូរទៅលើរចនាបថយ័ន្តប្រាំបីទិស ដែលជារចនាបថខ្មែរមួយដែលបានត្រៀមក្នុងការដាក់បញ្ចូលនៅលើខ្សែក្រវ៉ាត់កម្រិតពិភពលោកដែលបង្កើតដោយលោកឧកញ៉ា។ លោកឧកញ៉ា បានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរបន្ទាប់ពីទទួលបានមតិយោបល់ពីបងប្អូនអ្នកលេងបណ្ដាញសង្គម និងបន្ទាប់ពីការឆ្លងយោបល់ជាមួយព្រឹទ្ធាចារ្យដែលលោកមានចំណេះដឹងផ្នែកវប្បធម៌ និងគុនខ្មែរ។

ពាក់ព័ន្ធជាមួយនឹងមូលហេតុដែលនាំឱ្យមានការផ្លាស់ប្ដូរនេះ លោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់ដូច្នេះថា៖ “ក្រោយខ្ញុំបង្ហោះសុំយបល់ពីបងប្អូនទាក់ទងជាមួយរចនាបថខ្សែក្រវ៉ាត់គុនខ្មែរជើងឯកពិភពលោកកាលពីថ្ងៃទី 17.03.2023 កន្លងទៅ ខ្ញុំបានទទួលមតិយោបល់ជាច្រើនត្រលប់មកវិញ។ តួយ៉ាងដូចត្រង់ចំណុចយ័ន្តប្រាំបីទិសជាដើម ឃើញថាបងប្អូនបានជួយជាគំនិតល្អ ហើយខ្ញុំក៏បានធ្វើការកែប្រែភ្លាមៗផងដែរ។ យ៉ាងណាមិញបងប្អូនបានជូនជាមតិយោបល់ផ្សេងៗជាច្រើនទៀតផងដែរទាក់ទងជាមួយនិងរចនាបថនៅលើខ្សែក្រវ៉ាត់។ ក្រោយពេលដែលខ្ញុំបានគិតទៅលើមតិយោបល់របស់បងប្អូន ខ្ញុំក៏បានឆ្លងយោបល់ជាមួយព្រឹទ្ធាចារ្យដែលលោកមានចំណេះដឹងផ្នែកវប្បធម៌ និងគុនខ្មែរ។ ហើយជាលទ្ធផល ខ្ញុំទទួលបានយោបល់ថា រចនាបថដែលខ្ញុំបានដាក់បញ្ចូលគឺមានលក្ខណៈជាខ្មែរ និងអត្ថន័យគ្រប់គ្រាន់រួចហើយ។ ដូច្នេះលោកព្រឹទ្ធាចារ្យបានបញ្ជាក់ថា យើងមិនចាំបាច់ផ្លាស់ប្តូរ ឬកែប្រែរចនាបថនៅលើខ្សែក្រវ៉ាត់នេះនោះទេ។ បន្ទាប់ពីការឆ្លងយោបល់បែបនេះ ខ្ញុំក៏គិតថាអ្វីដែលលោកព្រឹទ្ធាចារ្យបានលើកឡើងពិតជាមានហេតុផល។ ដូច្នេះខ្ញុំក៏សម្រេចចិត្តផ្លាស់ប្តូរតែរចនាបថយ័ន្តប្រាំបីទិសតែប៉ុណ្ណោះ ហើយយើងនឹងសម្រេចចុងក្រោយក្នុងការធ្វើខ្សែក្រវ៉ាត់នេះតែម្តង។ យ៉ាងណាមិញខ្ញុំនឹងយកមតិយោបល់បងប្អូនដែលបានខម្មិននៅក្នុងការបង្ហោះរបស់ខ្ញុំនោះទៅធ្វើជារចនាបថនៅលើខ្សែរក្រវ៉ាត់ផ្សេងសម្រាប់កម្មវិធីប្រកួតថ្នាក់អន្តរជាតិលើកក្រោយៗទៀត។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានគាំទ្រខ្ញុំ និងកីឡាគុនខ្មែររបស់យើង។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ឧកញ្ញ៉ា ស្រី ចាន់ថន។ ”

អត្ថបទ៖ លីនី
ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: