អន្តរជាតិ

លោក គីម ជុងអ៊ុន ប្រកាសឲ្យកូរ៉េខាងជើងត្រៀមបើកការវាយប្រហារដោយអាវុធនុយក្លែអ៊ែរដើម្បីប្រឆាំងអាមេរិកនិងកូរ៉េខាងត្បូង

BY
Pheakdey
March 20, 2023

កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានប្រាប់ឲ្យប្រទេសកូរ៉េខាងជើងត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចក្នុងការបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនានេះ។ ការអំពាវនាវរបស់ប្រមុខដឹកនាំកូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលទីក្រុងព្យុងយ៉ាងបានមើលឃើញថា សមយុទ្ធយោធាដែលអាមេរិកនិងកូរ៉េខាងជើងកំពុងតែធ្វើរួមគ្នានោះបានពង្រីកកាន់តែខ្លាំងក្លាឡើង ពោលគឺវាមានលក្ខណៈខ្លាំងក្លាដូចជាការត្រៀមខ្លួនធ្វើសង្គ្រាមពិតអីចឹង។ 

នៅក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន បានប្រាប់ឲ្យយោធារបស់ខ្លួនត្រូវត្រៀមបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរឲ្យបានគ្រប់ពេលវេលាដើម្បីរារាំងកុំឲ្យសង្គ្រាមដែលបង្កឡើងដោយអាមេរិកនិងកូរ៉េខាងជើងអាចកើតឡើងបានឲ្យសោះ។ គួររម្លឹកជូនថា អាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា “Freedom Shield 2023” ខណៈសមយុទ្ធយោធាទ្រង់ទ្រាយធំនិងមានរយៈពេលជាង ១០ថ្ងៃមួយនេះគ្រោងនឹងបិទបញ្ចប់នៅក្នុងថ្ងៃទី ២៣ ខែមីនខាងមុខនេះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលដែលប្រទេសជាសម្ព័ន្ធមិត្តទាំង ២នេះកំពុងធ្វើសមយុទ្ធរួមគ្នា គឺប្រទេសកូរ៉េខាងជើងមិននៅស្ងៀមឡើយ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់បន្តបន្ទាប់គ្នា ហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក គីម ជុងអ៊ុន ថែមទាំងបានប្រកាសទៀតថា កូរ៉េខាងជើងមានទ័ពស្ម័គ្រចិត្ត ៨០០,០០០នាក់សម្រាប់ប្រឆាំងជាមួយនឹងអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: