អន្តរជាតិ

ឥណ្ឌាគ្រោងវិនិយោគ ១២ពាន់លានដុល្លារដើម្បីសាងសង់ប្រលានយន្តហោះ ៧២កន្លែងឲ្យរួចរាល់ត្រឹមឆ្នាំ ២០២៥

BY
Pheakdey
March 20, 2023

ឥណ្ឌា៖ ឥណ្ឌាគ្រោងនឹងចំណាយប្រាក់ ៩៨០ពាន់លានរូពី (១២ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់ប្រលានយន្តហោះចំនួន ៧២កន្លែងបន្ថែមទៀតនៅក្នុងរយៈពេល ២ឆ្នាំខាងមុខ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនានេះ។ ការសម្រេចធ្វើការវិនិយោគលើអាកាសយានដ្ឋានក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសឥណ្ឌាជាច្រើនបានសម្រេចបញ្ជាទិញយន្តហោះដឹកអ្នកដំណើរថ្មីៗជាច្រើនយកមកបំពេញតម្រូវការដែលកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ហើយកត្តានេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើរចនាសម័្ពន្ធចាស់ៗហួសសម័យរបស់ប្រលានយន្តហោះដែលកំពុងបើកដំណើរការនៅទូទាំងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះ។

គិតត្រឹមពេលនេះប្រលានយន្តហោះនៅក្នុងប្រទេសឥណ្ឌាមានត្រឹមចំនួន ១៤៨កន្លែងប៉ុណ្ណោះ ខណៈក្រោយការវិនិយោគក្នុងគម្រោងខាងលើនេះ ពោលគឺនៅត្រឹមឆ្នាំ ២០២៥ ឥណ្ឌានឹងត្រូវមានប្រលានយន្តហោះរហូតដល់ ២២០កន្លែងនៅទូទាំង​ប្រទេស។ ប្រភពខាងលើបានបន្តថា ក្នុងគម្រោងវិនិយោគលើទំហំទឹកប្រាក់ ១២ពាន់លានដុល្លារខាងលើនេះគឺមានការចូលរួមពីសំណាក់ភាគីចំនួន ២ ដោយទី ១ គឺក្រុមហ៊ុនឯកជនដែលបានបោះទុនវិនិយោគចំនួន ៩ពាន់លានដុល្លារ ខណៈ ៣ពាន់លានដុល្លារផ្សេងទៀតគឺជាថវិការបស់រដ្ឋាភិបាលឥណ្ឌា។ គួរកត់សម្គាល់ថា  គម្រោងវិនិយោគខាងលើនេះគឺជាការវិនិយោគក្នុងវិស័យអាកាសចរណ៍ដ៏ច្រើនសម្បើមមួយសម្រាប់ប្រទេសឥណ្ឌា ដ្បិតនាពេលកន្លងមកឥណ្ឌាមិនសូវយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍលើវិស័យមួយនេះឡើយ ជាក់ស្តែងនៅក្នុងប្រទេសឥណ្ឌាទាំងមូលដែលមានពលរដ្ឋរហូតដល់ ១,៤ពាន់លាននាក់នោះគឺមានយន្តហោះដឹកអ្នកដំណើរប្រមាណជា ៧០០គ្រឿងប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: