ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ណែនាំឱ្យមានការរៀបចំដាក់តាំងបង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្ម សេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃ

BY
srey nuch
March 21, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំឱ្យមានការរៀបចំដាក់តាំងបង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃ។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារណែនាំ «សូមឱ្យក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នាដើម្បីដាក់ជាតម្លៃ កុំឱ្យពិបាកសួរ […]»។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំ ដើម្បីណែនាំដល់គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសសេវាកម្មម្ហូបអាហារ នូវចំណុចត្រូវអនុវត្តមួយចំនួន ដូចខាងក្រោម៖

១). គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរៀបចំឱ្យមានជាបញ្ជីរាយនាមសេវាកម្ម ដោយមានភ្ជាប់ជាមួយតម្លៃ (ដូចមានបញ្ជាក់ក្នុងប្រកាសលេខ ០៥២ ប្រក.ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពីកាតព្វកិច្ចបង្កើតប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍) ក្រោមទម្រង់ដូចតទៅ៖

– ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងភាសាអង់គ្លេស នៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទីបីនៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។
– ប្រភេទនៃសេវាកម្មទេសចរណ៍នីមួយៗ គួរមានបង្ហាញជារូបភាព ឬការបរិយាយសេវាកម្ម។
– ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំងអាជីវកម្ម ឬកន្លែងងាយមើលឃើញ ។
– ត្រូវមានបញ្ជាក់ពីសេវាកម្មដែលភ្ជាប់ជាមួយ និងព័ត៌មានផ្សេងៗបន្ថែមទៀត ដែលចាំបាច់សម្រាប់ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ។
– ត្រូវមានបញ្ជាក់តម្លៃឱ្យបានជាក់លាក់ និងការប្រើប្រាស់តម្លៃតាមជម្រើសបន្ថែមផ្សេងៗដែលមាន។
– ត្រូវផ្ដល់ជូនភ្ញៀវទេសចរមុនពេលពួកគេសម្រេចចិត្តប្រើប្រាស់ ឬទទួលយកសេវាកម្មទេសចរណ៍។

២). ចំពោះសេវាកម្មម្ហូបអាហារ តូបលក់ម្ហូបអាហារ តូបលក់អាហារចល័ត ដែលប្រកបអាជីវកម្មជាលក្ខណៈតូចតាច ឬការគ្រប់គ្រងលក្ខណៈគ្រួសារ ក៏ត្រូវអនុវត្តតាមការណែនាំដូចបានបញ្ជាក់ជូនខាងលើ ឬយ៉ាងហោចត្រូវមានដាក់តំាងបង្ហាញជារូបភាព ឬទម្រង់ងាយស្រួលផ្សេងៗ អំពីម្ហូបអាហារ ដែលមានជូនភ្ញៀវពិសាដោយមានបញ្ជាក់តម្លៃជាក់លាក់។

៣). ការដាក់ឈ្មោះសេវាកម្ម និងឈ្មោះមុខម្ហូបនីមួយៗ ត្រូវគោរពតាមអត្តសញ្ញាណជាតិ សាសនា វប្បធម៌ ប្រពៃណី និងទនៀមទម្លាប់ខ្មែរ។

៤). ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលពុំអនុវត្តតាមការណែនាំ គឺជាកម្មវត្ថុនៃការដកហូតអាជ្ញាបណ្ណ ទេសចរណ៍ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន ៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

Share This Post: