អន្តរជាតិ

វិបត្តិសេដ្ឋកិច្ចជម្រុញឲ្យទីក្រុងប៉េកាំងប្រឈមនឹងការធ្លាក់ចុះអត្រាកំណើតជាលើកដំបូង

BY
Pheakdey
March 22, 2023

ចិន៖ អត្រាកំណើតប្រជាជននៅក្នុងទីក្រុងប៉េកាំងបានធ្លាក់ចុះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៣ មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនានេះ។ ស្របពេលដែលតួលេខនៃកំណើតប្រជាជនបានធ្លាក់ចុះ តួលេខអ្នកស្លាប់គិតជាមធ្យមនៅក្នុងទីក្រុងដ៏ធំរបស់ចិនមួយនេះបានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ នេះបើយោងទៅតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិន ដែលបានធ្វើការបូកសរុបចំនួនពលរដ្ឋកើតថ្មីនិងចំនួនពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងទីក្រុងប៉េកាំងគិតត្រឹមពេញមួយឆ្នាំនៃឆ្នាំ ២០២២ កន្លងទៅនេះ។

នៅក្នុងរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិនបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ គឺអាត្រាមរណភាពរបស់ពលរដ្ឋក្នុងទីក្រុងប៉េកាំងបានកើនឡើងដល់ ៥,៧២% បើគិតជាមធ្យមក្នុងចំណោមពលរដ្ឋ ១,០០០នាក់ ខណៈតួលេខអ្នកកើតថ្មីវិញគឺបានធ្លាក់ចុះមកសល់ត្រឹម ៥,៦៧ % បើគិចជាមធ្យមក្នុងចំណោមពលរដ្ឋ ១,០០០នាក់ដូចគ្នា។ ប្រភពខាងលើបានបន្តថា ការធ្លាក់ចុះនៃអាត្រាកំណើតនេះអាចបង្កឡើងដោយបញ្ហាសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលរបស់គ្រួសារនីមួយៗត្រូវធ្លាក់ចុះ ហើយកត្តានេះក៏បានជម្រុញឲ្យគ្រួសារមួយចំនួនសម្រេចចិត្តមិនទាន់យកកូនតែម្តង។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះទីក្រុងប៉េកាំងមានពលរដ្ឋសរុប ២១,៨៤លាននាក់ និងជាទីក្រុងដែលមានពលរដ្ឋរស់នៅច្រើនបំផុតនៅក្នុងប្រទេសចិន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: