អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

BY
autoadmin
March 22, 2023

គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដែលបានជំរុញឱ្យអ្នកស្រុកត្រូវចាកចេញពីផ្ទះសម្បែង និងការិយាល័យរបស់ពួកគេ។ យ៉ាងហោចណាស់មនុស្ស ១៣នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ ដោយសារវាបានបំផ្លាញអគារ និងបានបង្កឱ្យមានការរអិលបាក់ដីជាច្រើនកន្លែង ហើយពលរដ្ឋជាច្រើនទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការភ័យតក់ស្លុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN

ការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបានរាយការណ៍ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះគឺស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីប្រជុំជនអាហ្វហ្គានីស្ថាន Jurm ក្នុងជួរភ្នំ Hindu Kush ដែលមានជម្រៅ ១៨៧.៦ គីឡូម៉ែត្រ។ នៅអាហ្វហ្គានីស្ថាន មនុស្សយ៉ាងតិច ៤ នាក់បានស្លាប់ និង ៧០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងតំបន់ដែលរងផលប៉ះពាល់ នេះបើយោងតាមលោក Sharafat Zaman Amar អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈ។ យ៉ាងណា ចំនួនអ្នកស្លាប់ត្រូវបានរំពឹងថា នឹងកើនឡើងថែមទៀត ដោយសារតែទីតាំងប៉ះពាល់ផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលពិបាកក្នុងការទាក់ទងគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: