ព័ត៌មានជាតិ

កុមារីអាយុ១១ខែ មានជំងឺរលាកសួត និងឆ្លងមេរោគបាក់តេរី បណ្តាលឲ្យអស់ជីពចរ និងខ្សោយដង្ហើមធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យគន្ធបុប្ផាសង្គ្រោះជីវិតមួយនេះ

BY
srey nuch
March 23, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងថា កុមារីតូច អាយុ១១ខែ មានជំងឺរលាកសួត និងឆ្លងមេរោគ បាក់តេរីក្រហម នៅក្នុងឈាម បណ្តាលឲ្យអស់ជីពចរ និងខ្សោយដង្ហើម យ៉ាងធ្ងន់ធ្ងរបំផុត គឺត្រូវបានគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្យាបាលសង្គ្រោះជីវិតមួយនេះទាន់ពេល។

មន្ទីរពេទ្យគន្ធបុប្ជា បានបញ្ជាក់ថា ជំងឺឆ្លងឈ្មោះ មេឡយអ៊ីដូស៊ិស បណ្តាលមកពីបាក់តេរីក្រហមឈ្មោះ បឺកកុលដេរ៉ា សឺដូម៉ាលីអ៊ី ដែលរស់ផ្ទាល់ជាប់ក្នុងដីនិងទឹកកខ្វក់ ហើយឆ្លងមកមនុស្សឬសត្វ តាមរយៈការប៉ះពាល់ឬផ្លូវដង្ហើម។

កុមារីតូចអាយុ១១ខែនេះ បញ្ជូនតាមឡានពេទ្យពីមន្ទីរពេទ្យបង្អែកមួយក្នុងខេត្តកំពត ដែលមានជំងឺរលាកសួត (miliary TB like) និងឆ្លងមេរោគ បាក់តេរីក្រហមឈ្មោះសឺដូម៉ាលីអ៊ី នៅក្នុងឈាម បណ្តាលឲ្យអស់ជីពចរនិងខ្សោយដង្ហើម យ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានសង្រ្គោះជីវិត ដោយការព្យាបាល និងសង្រ្គោះដោយម៉ាស៊ីនសប់ដង្ហើម២១ថ្ងៃ។

ថ្ងៃនេះ កូនតូច ត្រូវបានជួយសង្គ្រោះជីវិត ក្រោយព្យាបាលអស់រយៈពេល២៥ថ្ងៃ។ សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា។ សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស សូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ៕​

ប្រភព៖ Dr. Beat Richner

Share This Post: