អន្តរជាតិ

ពលរដ្ឋអាមេរិកមួយចំនួននាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងគម្រោងបិទ TikTok របស់សភាអាមេរិក

BY
Pheakdey
March 23, 2023

អាមេរិក៖ ពលរដ្ឋអាមេរិកមួយចំនួនបាននាំគ្នាធ្វើការតវ៉ាដើម្បីសម្តែងនូវការមិនពេញចិត្តនិងបង្ហាញជំហរប្រឆាំងយ៉ាងខ្លាំងទៅនឹងគម្រោងធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់បណ្តាញសង្គម TikTok របស់សភាអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនានេះ។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅពីមុខវិមានកាពីតូល ដែលជាវិមានរដ្ឋសភារបស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នកតវ៉ាទាំងអស់គឺសុទ្ធតែជាប្រិយមិត្តអ្នកគាំទ្រនិងកំពុងប្រើប្រាស់បណ្តាញសង្គម TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃ។

ប្រភពខាងលើបានបន្តថា ក្រុមអ្នកតវ៉ាភាគច្រើនគឺសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ថា បណ្តាញសង្គម TikTok កំពុងក្លាយជាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មដ៏មានសក្តានុពលមួយដែលជួយឲ្យអាជីវក​ម្មរបស់ពួកគេរីកចម្រើន​ ហើយការបិទបណ្តាញសង្គមមួយនេះនឹងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ពួកយ៉ាងខ្លាំង។ ក្រុមអ្នកតវ៉ាមួយចំនួនក៏បានលើកឡើងផងដែរថា ការហាមឃាត់មិនឲ្យប្រើប្រាស់ TikTok នឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិជាសាធារណៈយ៉ាងខ្លាំង ពោលគឺវាផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ប្រជាធិបតេយ្យដែលអាមេរិកកំពុងអនុវត្ត។ សូមបញ្ជាក់ជូនថា រដ្ឋាភិបាលអាមេរិកចង់ធ្វើការហាមហាត់បណ្តាញសង្គម TikTok ក្រោមហេតុផលថា បណ្តាញសង្គមមួយនេះគឺជាចារកម្មរបស់រដ្ឋាភិបាលចិន ហើយបើ TikTok ចង់បន្តមានវត្តមាននៅលើ App Store គឺក្រុមហ៊ុន TikTok ត្រូវតែលក់ភាគហ៊ុនមួយចំនួនឲ្យទៅរដ្ឋាភិបាលអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: