ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សុំការយោគយល់និងអធ្យាស្រ័យចំពោះ «ការខ្វះទឹកប្រើប្រាស់» នៅរដូវប្រាំង និងអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ

BY
srey nuch
March 23, 2023

រាជធានិភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២៣​ និងដោះស្រាយ។

ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានទទួល ព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់, ទឹកមានសម្ពាធខ្សោយ, និងគ្មាន ទឹកក្នុងបណ្តាញទឹកជាដើម។

បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ ជាយ រាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នេ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល, សង្កាត់ចោមចៅ១, ២, និង៣, សង្កាត់កាកាប១, និង២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ ស្ទឹងមានជ័យ១,២ និង៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។

រ.ទ.ស.ភ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពោលគឺ រ.ទ.ស.ភ មានសមត្ថភាពផលិត៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការ ទឹកស្អាត៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងមានន័យថា រ.ទ.ស.ភ បានដោះស្រាយបញ្ហា ខ្វះទឹកស្អាតបានជាង៩០% ហើយ។

ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រ.ទ.ស.ភ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់ រ.ទ.ស.ភ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។

សរុបសេចក្តីមក ចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់ រ.ទ.ស.ភ មានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់។

សេចក្តីដូចបានជម្រាបជូនខាងលើ គឺជាវិធានការរបស់ រ.ទ.ស.ភ ក្រោមការជួយឧបត្ថម្ភគាំទ្រ ពី រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាបាល, ក្រុមប្រឹក្សាភិបាល, អាជ្ញាធរដែនដីទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដោយឡែក ការចូលរួមដោះស្រាយបញ្ហាខ្វះទឹកពីសំណាក់អតិថិជនក៏ជាកត្តាគន្លឹះមួយដែរ ដែល រ.ទ.ស.ភ សូម អំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង និង សូមមេត្តាចូលរួមផ្ដល់ព័ត៌មាន ឬសាកសួរអំពីកង្វះទឹកស្អាតមកកាន់ រ.ទ.ស.ភ ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៦៧ លោក សោម សុវណ្ណ ឬ លេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៧៩ លោក ផេង ទី ឬ ហ្វេសប៊ុកផេក របស់ រ.ទ.ស.ភ ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

Share This Post: