SEA GAMES

អ្នកស្ម័គ្រចិត្តស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ត្រូវបានចាត់ទុកថាជាសរសៃឈាមដ៏មានសារៈសំខាន់

BY
srey nuch
March 26, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា អ្នកស្ម័គ្រចិត្តដែលបម្រើដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រតិបត្តិករកីឡាចាត់ទុក​ជាសរសៃឈាមដ៏មានសារៈសំខាន់ មិនអាចខ្វះបាន ដើម្បីជួយជ្រោមជ្រែងឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ​​ដំបូង​ទាំង​ពីរ​របស់កម្ពុជា​ទទួលបានជោគជ័យ។

ក្នុងឱកាសធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសាលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហកគេម-អាស៊ាន​ប៉ារ៉ាហ្គេម (CAMSOC-CAMAPGOG) មានប្រសាសន៍ថា ដើម្បីបម្រើដល់ព្រឹត្តិការណ៍កីឡាទាំង​ពីរ​នេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧០០០នាក់ ដូច្នេះហើយអ្នកស្ម័គ្រចិត្តជាមនុស្សដ៏មានសារៈសំខាន់ ប្រៀបដូចសរសៃឈាមក្នុងខ្លួនមនុស្ស ដែលនឹងទទួលបដិសណ្ឋារកិច្ចដល់ប្រតិភូកីឡាអន្តរជាតិមកពីបណ្តាប្រទេសនានា មុនគេ នៅអាកាសយានដ្ឋានអន្តរជាតិ ដោយរឿងទី១​សំខាន់បំផុតមុនគេ គឺអ្នកស្ម័គ្រចិត្តត្រូវផ្តល់ស្នាមញញឹម រួសរាយរាក់ដល់ប្រតិភូកីឡា ដើម្បីផ្តល់ភាពកក់ក្តៅ ក្នុងនាមយើងជាម្ចាស់ផ្ទះទាំងអស់គ្នា។

«ក្នុងវិស័យកីឡា អ្នកស្ម័គ្រចិត្ត គឺជាសរសៃឈាមដ៏មានសារៈសំខាន់ ដើម្បីផ្តល់ថាមពលដល់ដំណើរការហ្គេមទាំងមូលឲ្យ​រលូន និងជោគជ័យ។ ប្រសិនបើអ្នកស្ម័គ្រចិត្តមិនបានផ្តល់ភាពកក់ក្តៅដល់ប្រតិភូកីឡាឲ្យបានល្អប្រសើរនោះទេ នោះដំណើរការហ្គេមនឹងរអាក់រអួលមិនល្អប្រសើរឡើយ។ ដូច្នេះហើយយើងសុំស្នើដល់អ្នកស្ម័គ្រចិត្រទាំងអស់គ្នាប្រឹងប្រែងបម្រើប្រតិភូកីឡាឲ្យបានល្អ ដើម្បីជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា​ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែម។

ជាមួយគ្នានេះ ប្រតិបត្តិករកីឡារូបនេះក៏បានលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នា យកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការជួយជ្រោមជ្រែងដល់សកម្មភាពការងារស្ម័គ្រចិត្តឲ្យបានប្រសើរ។ ជាពិសេសគឺគួរយកចិត្តទុកដាក់​លើកីឡាករ កីឡាការិនីមានពិការភាព ដែលមកចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងដំណើរការ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈការជួយសម្របសម្រួល​ដល់​អត្តពលិកពិការ ដែលមានការលំបាកជាងអត្តពលិកមិនពិការ។

បន្ថែមពីលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថា អ្នកស្ម័គ្រចិត្តត្រូវចាត់ទុកខ្លួនឯងមានមោទកភាពជាតិទាំងអស់គ្នា ពីព្រោះអ្នកស្ម័គ្រចិត្តបានចូលរួមបំពេញការងារបម្រើជាតិ ដោយហេតុថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រកម្ពុជា ឆ្នាំ២០២៣មានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់។ ជាពិសេសគឺអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គ​បានប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីប្រារព្ធពិធីដង្ហែភ្លើងគប់កីឡាទៅកាន់ប្រទេសអាស៊ាន ហើយក៏មានការចូលរួមពីស្ថាប័នកំពូលៗរបស់កម្ពុជាទាំងអស់គ្នា ដែលនេះ អ្នកស្ម័គ្រចិត្តបានចូលរួមធ្វើកិច្ចការជាតិជាមួយនឹងមោទកភាពជាប្រវត្តិសាស្ត្រនេះ។

«ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នឹងបន្សល់ទុកនូវកេរ្តិ៍មរតកជាតិ ក៏ដូចជាកំណត់ត្រានៅក្នុងក្រាំងស៊ីហ្គេម សម្រាប់បណ្តាប្រទេសក្នុងតំបន់ផងដែរ។ ព្រឹត្តិការណ៍កីឡាគឺជាពិធីបុណ្យដ៏ធំ ដោយយុវជនមកពីបណ្តាប្រទេសនានាបានមកជួបជុំគ្នា ក្នុងការប្រកួត ដោយស្នាក់នៅរួមគ្នា ហូបបាយជុំគ្នា ហើយប្រកួតជាមួយគ្នា ព្រមទាំងមានស្មារតីគោរពដល់គ្នាទៅវិញទៅមកទៀតផង។ ក្នុងស្មារតីកីឡា ប្រសិនបើម្ចាស់ផ្ទះល្អ អ្នកគាំទ្រត្រូវអបអរសាទរដល់ការប្រកួតគ្រប់អស់ ឬទាំងសងខាង ដោយអ្នកស្ម័គ្រចិត្ត និងជាអ្នកគាំទ្រល្អ ក្នុងនាមជាម្ចាស់ផ្ទះ»។ នេះជាការពន្យល់បន្ថែមរបស់ឯកឧត្តមដល់អ្នកស្ម័គ្រចិត្ត ដើម្បីស្វែងយល់ពីខ្លឹមសារពាក់ព័ន្ធនានា ដើម្បីជាចំណេះដឹងដល់អ្នកស្ម័គ្រចិត្ត ត្រៀមបម្រើដល់ព្រឹត្តិការណ៍កីឡានេះ៕

ប្រភព៖ Cambodia 2023

Share This Post: