ឧកញ៉ា ស្រី ចាន់ថន ស្នើសុំបើកកិច្ចប្រជុំមួយ ដើម្បីគិតគូរពីសុខសុវតិ្ថភាព របបអាហារ ការធ្វើដំណើររបស់កីឡាករគុនខ្មែរ ក្នុងការត្រៀមខ្លួនយកឈ្នះការប្រកួតស៊ីហ្គេម
- BY
- srey nuch
- March 27, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក នៅមុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន ស្នើឱ្យមានសុំបើកកិច្ចប្រជុំមួយដើម្បីគិតគូរពីសុខសុវតិ្ថភាព របបអាហារ ការធ្វើដំណើរ ការដើរហើរ និងការហ្វឹកហាត់របស់កីឡាករគុនខ្មែរឲ្យបានម៉ត់ចត់ ដើម្បីអាចយកឈ្នះការប្រកួតនៅក្នុងស៊ីហ្គេមលើកទី៣២នេះ។
ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចែករំលែកគំនិតបន្តិចបន្តួចក្នុងនាមខ្ញុំជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក តែបើមានកំហុសខុសឆ្គងសូមបងប្អូនកុំប្រកាន់អី ព្រោះអ្វីដែលខ្ញុំនឹងនិយាយគឺខ្ញុំចង់ឲ្យគុនខ្មែរមានការរីកចម្រើនតែប៉ុណ្ណោះ។ »
ឧកញ៉ា ស្រី ចាន់ថន បានបន្តថា៖ «ខ្ញុំនិងស្នើរសុំបើកកិច្ចប្រជុំមួយដើម្បីគិតគូរពីសុខសុវត្ថិភាព របបអាហារ ការធ្វើដំណើរ ការដើរហើរ និងការហ្វឹកហាត់របស់កីឡាករគុនខ្មែរឲ្យបានម៉ត់ចត់ ព្រោះកីឡាករជម្រើសជាតិគឺតំណាងឲ្យប្រទេសជាតិទាំងមូល។ បើគាត់ហ្វឹកហាត់បានទៀងទាត់ មានរបបអាហារគ្រប់គ្រាន់ ហើយដើរហើរមានការកំណត់ ខ្ញុំជឿថាកីឡាករជម្រើសជាតិរបស់យើងច្បាស់ជាអាចយកឈ្នះការប្រកួតនៅក្នុងស៊ីហ្គេមលើកទី៣២ នេះជាក់ជាមិនខាន។ មួយវិញទៀតខ្ញុំនឹងស្នើរសុំឲ្យមានការកំណត់ពេលវេលាជាក់លាក់ក្នុងការប្រកួត ព្រោះការធ្វើបែបនេះទើបកីឡាករមានកម្លាំងមាំមួន និងអាចយកឈ្នះនៅក្នុងការប្រកួតភាគច្រើន។ »
ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមដូច្នេះទៀតថា៖ «ការប្រកួតរបស់កីឡាករមិនអាចអនុញ្ញាតឲ្យឡើងប្រកួតតាមការស្នើរសុំរបស់ក្រុមហ៊ុនទូទៅបានរហូតនោះទេ ប៉ុន្តែយើងត្រូវតែកំណត់រយៈពេលច្បាស់លាស់ (១ ខែឬ ២ខែត្រូវឡើងប្រកួតម្តង ឬ២ដង) ទើបមិនខូចកីឡាករ។ ការធ្វើបែបនេះនឹងធ្វើឲ្យងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាធ្វើឲ្យកីឡាករមានតម្លៃខ្លួនកាន់តែខ្ពស់ផងដែរ។ ស៊ីហ្គេមលើកទី៣២ នេះគឺជាឱកាសល្អដើម្បីកម្ពុជាអាចបង្ហាញពិភពលោកថា កម្ពុជាមានកីឡាគុនដែលមានអាយុកាលដ៏ចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក។
តើបងប្អូនមានយោបល់បែបណាដែរចំពោះមតិដែលខ្ញុំបានលើកឡើងខាងលើនេះ? ការស៊ែររបស់បងប្អូនគឺជាការរួមចំណែកយ៉ាងសំខាន់ដើម្បីឲ្យពិភពលោកស្គាល់ គុនខ្មែរ និងវប្បធម៌អរិយធម៌ខ្មែរជាដើម។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទឧកញ៉ា ស្រី ចាន់ថន ៕ »
ប្រភព៖ ស្រី ចាន់ថន Srey Chanthorn
- Share This Post: