SEA GAMES

ការរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បន្តប្រារព្ធនៅប្រទេសហ្វីលីពីន

BY
srey nuch
March 27, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយប្រទេសហ្វីលីពីន ជា​ប្រទេសទី២ បន្ទាប់ពីប្រទេសវៀតណាម ដែលរត់ពិធីភ្លើងគប់របស់កម្ពុជា នៅតំបន់​អាស៊ី​អាគ្នេយ៍។

ពិធីរត់ភ្លើងគប់នេះមានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិ CAMSOC, ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន, លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន, លោក Michael Barredo ប្រធានគណៈកម្មាធិការ​ប៉ារ៉ាឡាំពិកហ្វីលីពីន និងឯកឧត្តមលោកជំទាវ ជាអង្គទូតនៃបណ្ដាប្រទេសអាស៊ាន​ប្រចាំ​សាធារណរដ្ឋហ្វីលីពីន ព្រមទាំងអត្តពលិក និងការគាំទ្រពីប្រជាជនហ្វីលីពីន។

ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីនបានលើកឡើងថា ការ​ដង្ហែភ្លើងគប់កីឡានៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីននេះទទួលបាន​ការគាំទ្រពីរដ្ឋាភិ​បាល​ហ្វីលីពីន គណៈកម្មាធិការអូឡាំពិកហ្វីលីពីន និងគណៈកម្មាធិការប៉ារ៉ាអូឡាំពិកហ្វីលីពីន រួមទាំងអភិបាលក្រុង ដែលជំរុញការរត់ភ្លើងគប់នេះមានភាពអធិកអធម។ ឯកឧត្ដមបានបន្ដថា ព្រឹត្តិការណ៍ថ្ងៃនេះ ឆ្លុះបញ្ចាំងយ៉ាងល្អអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលប្រជាជនកម្ពុជា និងហ្វីលីពីន ជាពិសេសក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ឯកឧត្ដមឯកអគ្គរាជទូត​បានបន្ថែមថា នេះក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការស្រឡាញ់ និងពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យកាន់តែរីកចម្រើន និងវិបុលភាពនៃ​ប្រទេសទាំង២ និងសហគមន៍អាស៊ាន។

ឯកឧត្តម ហោ សារុន បានសម្ដែងក្តីរីករាយ ដែល​រដ្ឋាភិបាលហ្វីលីពីនបាន​ជួយរៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​បែប​នេះ​ឡើង។ ឯកឧត្ដមបានចាត់ទុកថា នេះជាការប្រារព្ធការដង្ហែ​ភ្លើង​គប់កីឡា នៅតាមបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយព្រះអគ្គិជ័យ​កីឡានេះ គឺជានិមិត្តរូបនៃថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលទាំងអស់នេះជាតម្លៃ​សកល​នៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ។

ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «ការប្រារព្ធពិធីរត់ដង្ហែព្រះអគ្គិជ័យ​កីឡា នៅទីក្រុងតា​កាយតាយ ដែលជាទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយភាព នៅពេលនេះ គឺជាការជ្រើសរើស​ដ៏ល្អមួយ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងវិស័យកីឡា និងវិស័យទេស​ចរណ៍។ ជាការពិតណាស់វិស័យកីឡា និងវិស័យទេសចរណ៍ គឺជាវិស័យ​២ ដែលមានទំនាក់​ទំនងគ្នា និងបំពេញឱ្យ​​គ្នាទៅវិញទៅមក។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា។ កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: