សិល្បៈ

ប្រទះឃើញតារា Net Idol ថៃវ័យក្មេងដ៏ល្បីឈ្មោះ និងមិត្តប្រុសរបស់នាង បាត់បង់ជីវិតក្នុងខុនដូទំនើបមួយកន្លែង ក្នុងទីក្រុងបាងកក

BY
srey nuch
April 20, 2023

(ថៃ)៖ រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសថៃ ដោយតារាស្រី Net Idol ដ៏ល្បីរបស់ថៃម្នាក់ឈ្មោះថា Supitcha Predajaroen ហៅក្រៅ Gigi ដែលមានអាយុ ២០ឆ្នាំ និងមិត្តប្រុសជានាយទាហានទ័ពអាកាស អាយុ ២១ឆ្នាំ ត្រូវបានគេប្រទះឃើញបាត់បង់ជីវិត ដោយសាកសពជនរងគ្រោះទាំង២ មានស្នាមគ្រាប់កាំភ្លើងបាញ់ចំក្បាល ក្នុងបន្ទប់ខុនដូទំនើបមួយកន្លែង ក្នុងតំបន់ Makkasan នៃទីក្រុងបាងកក កាលពីរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។

បើយោងតាមសារព័ត៌មាន ​បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា សាកសពត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ជាន់ទី១៤ ក្នុងខុនដូប្រណីតមួយក្បែរផ្លូវ Asok-Phetchaburi ក្នុងតំបន់ Ratchathewi នៅវេលាម៉ោង ៣ និង ២០នាទីរសៀល។

ឧត្តមសេនីយ៍ទោ Thiti Saengsawang បានឲ្យដឹងថា កាំភ្លើងខ្លីមួយដើម និងគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ត្រូវបានរកឃើញនៅក្នុងបន្ទប់ នៅពេលដែលប៉ូលិសបានចុះពិនិត្យនៅកន្លែងកើតហេតុ។ លោក Thiti បានបញ្ជាឱ្យអ្នកស៊ើបអង្កេតពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពនៅខុនដូ តាំងពីមុន និងក្រោយការបាញ់ប្រហារ ដើម្បីរកឱ្យឃើញថា តើមាននរណាម្នាក់ពាក់ព័ន្ធនឹងករណីនេះ ឬអត់? ប៉ូលិសជឿថា អ្នកទាំងពីរបានស្លាប់មួយថ្ងៃមុនពេលត្រូវបានរាយការណ៍ ហើយសាកសពត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើកោសល្យវិច័យ។

មិត្តភក្តិជិតស្និទ្ធរបស់តារាស្រី Gigi គឺជាអ្នករាយការណ៍ពីការស្លាប់របស់អ្នកទាំងពីរទៅប៉ូលិស បន្ទាប់ពីមិនអាចទាក់ទងបាន ហើយក៏បានទៅរកមើល Gigi ដល់ខុនដូ។ នៅពេលមកដល់បន្ទប់ខុនដូ នារីជាមិត្តបានចុចលេខកូដសម្ងាត់ចូលបន្ទប់នោះ ហើយបានរកឃើញសាកសពអ្នកទាំងពីរ ស្របពេលដែលភ្លើង និងម៉ាស៊ីនត្រជាក់ នៅក្នុងបន្ទប់នៅបើកប្រើប្រាស់ជាធម្មតា៕

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: