សង្គម

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់ពលរដ្ឋកម្ពុជា ចៀសវាងទង្វើមិនគួរគប្បី ប៉ះពាល់ដល់ប្រតិភូកីឡាបរទេស និងរួមគ្នាកសាងអនុស្សាវរីយ៍ល្អៗក្នុងកីឡាស៊ីហ្គេម

BY
srey nuch
May 8, 2023

រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ មានបាតុភាពមួយកើតឡើង រវាងអ្នកគាំទ្រកីឡាករបាល់ទះកម្ពុជា ទៅកាន់ប្រតិភូកីឡាករបាល់ទះរបស់ប្រទេសថៃ ក្រោយប្រកួតចាញ់កម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកគាំទ្រវិស័យកីឡា សូមចៀសវាងទង្វើមិនគួរគប្បីតទៅទៀត ក៏ដូចជាការបញ្ចេញមតិយោបល់លើបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិភូកីឡាបរទេស គ្រូបង្វឹក ឬអ្នកគាំទ្ររបស់ប្រទេសណាមួយ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ទង្វើដែលមិនគួរឲ្យកើតមាន! ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ចនិងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ »

រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា៖ «យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង ៕ »

ប្រភព៖ Hun Many

Share This Post: