អន្តរជាតិ

ប្រេស៊ីលនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅឆ្នាំ២០២៥ ក្នុងតំបន់អាម៉ាហ្សូន

BY
autoadmin
May 27, 2023

រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីលបានប្រកាសថា សន្និសីទអង្គការសហប្រជាជាតិឆ្នាំ២០២៥ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលត្រូវបានគេស្គាល់ថា COP30 នឹងប្រព្រឹត្តទៅនៅទីក្រុង Belem ក្នុងតំបន់អាម៉ាហ្សូន។ Belem គឺជាទីក្រុងដ៏សំខាន់មួយ ដែលមានប្រជាជន ១.៥ លាននាក់ នៅជិតមាត់ទន្លេអាម៉ាហ្សូន នៅភាគខាងជើងប្រទេស។ វា​នឹង​ជា​លើក​ដំបូង​របស់​ប្រេស៊ីល​ ដែល​ខ្លួនត្រូវធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។

ប្រធានាធិបតីលោក Luiz Inacio Lula da Silva (Lula) បាននិយាយថា អាម៉ាហ្សូនធ្លាប់ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅ រាល់សន្និសីទ COP ដែលគាត់បានចូលរួម។ លោកបានបន្ថែមថា លោកចង់ឱ្យប្រទេសរបស់លោកធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ ដើម្បីឱ្យមនុស្សអាចមើលឃើញ និងស្គាល់តំបន់ អាម៉ាហ្សូន និងព្រៃត្រូពិចរបស់វា។ គួរឱ្យដឹងដែរថា ពីរភាគបីនៃព្រៃអាម៉ាហ្សូន គឺស្ថិតនៅក្នុងប្រទេសប្រេស៊ីល។

ការកាប់បំផ្លាញព្រៃឈើបានពន្លឿននៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីប្រេស៊ីល គឺ Jair Bolsonaro ដែលបានលើកកម្ពស់ការអភិវឌ្ឍន៍ជាជាងការអភិរក្ស។ រហូតមកដល់ពេលនេះ ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះ ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចាប់តាំងពី Lula ចូលកាន់តំណែងក្នុងខែមករា។ ជាក់ស្តែងលោក Lula សង្ឃឹមថា នឹងបង្ហាញដល់សហគមន៍អន្តរជាតិនូវការប្តេជ្ញាចិត្តរបស់រដ្ឋបាលរបស់គាត់ ក្នុងការអភិរក្ស អាម៉ាហ្សូន និងព្រៃទឹកភ្លៀងរបស់វា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: