សង្គម

ប្អូនស្រី សោ ស្រីម៉ី ដែលមានជីវភាពខ្សត់ខ្សោយ ត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នាំយកអំណោយ និងថវិកា ជូនដល់ប្អូនស្រី

BY
srey nuch
May 24, 2023

កាលពីពេលថ្មីៗនេះ វីដេអូមួយកំពុងតែផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក និង TikTok របស់កុមារី សោ ស្រីម៉ី អាយុ ១០ឆ្នាំ មកពីខេត្តព្រះវិហារ ដែលមានជីវភាពក្រលំបាកខ្លាំង ដើរដកផ្កាស្មៅ ដើម្បីយកលុយផ្គត់ផ្គង់គ្រួសារ។ បើទោះបីជាលំបាកយ៉ាងនេះក្ដី ក៏ប្អូនស្រីនៅតែជំនះក្ដីស្រមៃ ចូលរួមប្រកួតប្រឡងប្រជែង ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol Junior ។ មុនពេលចាប់ផ្ដើមចៀង ប្អូនស្រី បានរៀបរាប់ទាំងហូរទឹកភ្នែក នូវជីវភាពខ្សត់ខ្សោយរបស់នាង ដែលធ្វើឱ្យគណៈកម្មការទាំងបីរូប និងអ្នកទស្សនាគ្រប់គ្នាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

បន្ទាប់ពីបានមើលឃើញ ប្អូនស្រី សោ ស្រីម៉ី មានជីវភាពលំបាកខ្លាំងបែបនេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះសាកសួរសុខទុក្ខប្អូនស្រី សោ ស្រីម៉ី (កុមារីប្រលងចម្រៀង Cambodian Idol Junior) អាយុ ១០ឆ្នាំ មានបងប្អូន ០២នាក់ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្មួយស្រី សោ ស្រីម៉ី ជាកូនទី១ និងជាសិស្សរៀនថ្នាក់ទី៣ សាលាបឋមសិក្សាអភិវឌ្ឍន៍ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងបានយកអំណោយ និងសម្ភារមួយចំនួនដើម្បីឧបត្ថម្ភក្មួយស្រី និងក្រុមគ្រួសាររួមមាន៖ ថវិកាចំនួន ២០០,០០០រៀល កង់ចំនួន ០១, អង្ករ ០២បេ, ត្រីខ ០២យួរ, មី ០២កេស, ទឹកផ្លែឈើ ០២កេស, ទឹកដោះគោឆៅ ០១យួរ, ទឹកស៊ីអ៊ីវ ០២យួរ, ទឹកត្រី ០២យួរ, ខ្ទឹមស ០១គីឡូក្រាម, ស្ករស ០១គីឡូក្រាម, ប៊ីចេង ០១គីឡូក្រាម, អំបិល ០១គីឡូក្រាម ព្រមទាំងនំ ទឹកក្រូចសម្រាប់ចែកក្មួយៗ មួយចំនួនផងដែរ ៕ »

សូមទស្សនាវីដេអូ នូវការបង្ហាញសមត្ថភាពរបស់ ប្អូនស្រី សោ ស្រីម៉ី ខាងក្រោម៖

ប្រភព៖ GRK News

Share This Post: