អន្តរជាតិ

អ្នកលក់ហ្វឺមា្នក់ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំកន្លះ ក្រោយបង្ហោះវីដេអូប្រើស្តាយតាមចុងភៅរោយអំបិល“Salt Bae” និងបង្កប់ខ្លឹមសារសើចចំអកឲ្យមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម

BY
Pheakdey
May 25, 2023

វៀតណាម៖ តុលាការវៀតណាមបានសម្រេចផ្តន្ទាទោសអ្នកលក់ហ្វឺម្នាក់ឲ្យ​ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំកន្លះ ក្រោយអ្នកលក់អាហារតាមចិញ្ចើមផ្លូវរូបនេះបានធ្វើសកម្មភាពសើចចំអកឲ្យ​មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមម្នាក់។ អ្នកលក់ហ្វឺរូបនេះមានឈ្មោះថា Bui Tuan Lam អាយុ ៣៩ឆ្នាំ និងជាអ្នកលក់ដ៏ល្បីមួយរូបក្រោយរូបគាត់បានប្រើប្រាស់ស្តាយរោយស្លឹកខ្ទឹមដាក់ក្នុងហ្វឺរបស់គាត់ ដូចទៅនឹងស្តាយរបស់កំពូលចុងភៅរោយអំបិល “Salt Bae”។

គួររម្លឹកជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោក Bui Tuan Lam បានប្រើប្រាស់ Facebook មានឈ្មោះថា “Green Onion Bae” បង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរោយស្លឹកខ្ទឹមអមដោយការប្រើប្រាស់ពាក្យ​ពេចន៍មួយចំនួនដែលមានលក្ខណៈសើចចំអកដល់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមម្នាក់ ដែលបានទៅពិសារសាច់គោតម្លៃជាង​១ពាន់ដុល្លាររបស់កំពូលចុងភៅ “Salt Bae” នៅក្នុងប្រទេសអង់គ្លេស។ ការសើចចំអកនោះគឺចង់បង្ហាញថា ហេតុអ្វីមន្ត្រីរបស់រដ្ឋាភិបាលវៀតណាមដែលមានប្រាក់ខែតិចតួច បែរជាមានលុយទៅញ៉ាំអាហារតម្លៃជាង ១ពាន់ដុល្លារ និងថតបង្ហោះអួតគេពេញបណ្តាញសង្គមទៅវិញ។ យ៉ាងណាក្តី សកម្មភាពរបស់លោក ​Bui Tuan Lam នោះ ត្រូវបានអាជ្ញាធរវៀតណាមចាត់ទុកថា គឺជាបទល្មើសមួយ ហើយរូបលោកត្រូវបានចាប់ខ្លួនតាំងពីពេលបង្ហោះវីដេអូនោះម្លេះ តែការសម្រេចផ្តន្ទាទោសផ្លូវការចំពោះរូបគាត់ទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: