អន្តរជាតិ

ប្រទេសថៃ​កំពុង​ពិចារណា​ជាថ្មីម្ដងទៀត ចំពោះការគិត​ថ្លៃ​ ៩ដុល្លារ ពីភ្ញៀវ​ទេសចរ​អន្តរជាតិ

BY
autoadmin
May 26, 2023

រដ្ឋាភិបាល​ថ្មី​របស់ប្រទេសថៃ​នឹង​ត្រូវធ្វើការសម្រេច​ចិត្តថា ​តើ​ពួកគេត្រូវ​គិត​ថ្លៃ​ពីភ្ញៀវ​ទេសចរ​បរទេស​ ឬ​អត់។ ការពិតទៅ រដ្ឋាភិបាល​ថៃ​បាន​អនុញ្ញាត​ឱ្យមាន​គម្រោង​ប្រមូល​ថ្លៃ​ទេសចរណ៍​ពី​ភ្ញៀវ​អន្តរជាតិ ​ចាប់តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ ដោយកំណត់ថា អ្នកដំណើរដែលមកដល់ប្រទេសថៃតាមយន្តហោះត្រូវបង់ថ្លៃសេវា ៣០០ បាត (ជិត ៩ ដុល្លារ) ចំណែកអ្នកដែលចូលតាមផ្លូវគោក ឬសមុទ្រ ត្រូវបង់ថ្លៃត្រឹមតែ ១៥០ បាត។

ប៉ុន្តែសំណើ​នេះ​មិន​ត្រូវ​បាន​ចុះ​ផ្សាយ​ Royal Gazette នោះទេ ដែលមានន័យថា បទប្បញ្ញត្តិ​នៅមិន​ទាន់​ចូល​ជា​ធរមាន​ក្នុង​រយៈ​ពេល​ដែល​បាន​កំណត់ឡើយ។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ រដ្ឋាភិបាលថៃថ្មីរំពឹងថា នឹងវាយតម្លៃផែនការឡើងវិញ ហើយនឹងកំណត់ថា តើត្រូវបន្ត ពន្យារពេល ឬផ្លាស់ប្តូរជម្រើសនៃការប្រមូលប្រាក់។ ទន្ទឹមនឹងនេះ សមាគមសណ្ឋាគារថៃរាយការណ៍ថា ម្ចាស់សណ្ឋាគារភាគច្រើនពេញចិត្តក្នុងការពន្យារពេលប្រមូលថ្លៃភ្ញៀវរហូតដល់ឆ្នាំក្រោយ នៅពេលដែលអាជីវកម្មទេសចរណ៍ងើបឡើងវិញកាន់តែប្រសើរ។

គួរឱ្យដឹងដែរថា មុនពេលមានការរាតត្បាតពីជំងឺ COVID-19 វិស័យទេសចរណ៍ គឺជាសសរសេដ្ឋកិច្ចចម្បងរបស់ប្រទេសថៃ ដែលរួមចំណែក ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ប្រទេស​ថៃ​បាន​សម្រេច​គោលដៅ​ ១ ភាគ​ ៣ ​នៅ​ឆ្នាំ​នេះ​រួច​ហើយ ដោយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ១០ លាន​នាក់ និង​រក​ចំណូល​បាន​ជាង ១១.៣ ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: