អន្តរជាតិ

អាជ្ញាធរអង់គ្លេសកំណត់ឲ្យអ្នកបង្ហោះវីដេអូបែប Prank នៅលើ TikTok ទាំងអស់ត្រូវសុំការអនុញ្ញាតពីសំណាក់បុគ្គលដែលត្រូវបានគេ Prank ជាមុនសិន

BY
Pheakdey
May 26, 2023

អង់គ្លេស៖ វីដេអូបែបលេងសើចមួយប្រភេទដែលមានលក្ខណៈជាការសម្តែងធ្វើឲ្យអ្នកណាម្នាក់ភ្ញាក់ផ្អើល ឬជាទូទៅគេតែងហៅថា “Prank” កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី សម្រាប់អាជ្ញាធរអង់គ្លេសបានមើលឃើញថា ការផលិតនិងបង្ហោះវីដេអូ “Prank” មួយចំនួនបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសិទ្ធរបស់បុគ្គលដែលត្រូវគេលេងសើចជាមួយនោះ ហើយមនុស្សមួយចំនួនក៏មិនពេញចិត្តឲ្យគេមកលេងសើច និងយកវីដេអូមានសកម្មភាពរបស់ពួកគាត់ទៅបង្ហោះជាសាធារណៈផងដែរ។

ដើម្បីឆ្លើយតបនឹងរឿងវ៉ាវចម្រូងខាងលើនេះ អាជ្ញាធរអង់គ្លេសបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងមួយ​ គឺកំណត់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ត្រូវតែទទួលបានការអនុញ្ញាតពីបុគ្គលដែលមានសកម្មភាពនៅក្នុងវីដេអូជាមុនសិន ទើបអាចបង្ហោះវីដេអូនោះជាសាធារណៈបាន។ ក្នុងករណីដែលអ្នកប្រើប្រាស់បណ្តាញសង្គម TikTok បង្ហោះវីដេអូដោយគ្មានការអនុញ្ញាតពីបុគ្គលទាំងឡាយដែលមានសកម្មភាពនៅក្នុងនោះទេ គឺអាជ្ញាធរនឹងធ្វើការបិទគណនីរបស់ពួកគេ ហើយក្នុងករណីធ្ងន់ធ្ងរពួកគេអាចប្រឈមនឹងការដោះស្រាយតាមផ្លូវច្បាប់ផងដែរ ប្រសិនបើមានបុគ្គលណាម្នាក់ដែលមានសកម្មភាពក្នុងវីដេអូនោះដាក់ពាក្យប្តឹងមកកាន់អាជ្ញាធរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: