អន្តរជាតិ

Meta កំពុងផ្តោតលើគម្រោងប្រើប្រាស់បច្ចេកវិទ្យា AI មកជំនួសកន្លែងធ្វើការមនុស្ស ក្រោយបញ្ឈប់បុគ្គលិកអស់ជាង ១១,០០០នាក់

BY
Pheakdey
May 26, 2023

អាមេរិក៖ Meta ដែលជាក្រុមហ៊ុនគ្រប់គ្រង់លើបណ្តាញសង្គម Facebook និង Instagram បានអនុវត្តផែនការកាត់បន្ថយបុគ្គលិកជុំទី ៣ ដែលជាជុំចុងក្រោយរបស់ខ្លួនរួចរាល់ហើយកាលដើមសប្តាហ៍នេះ។ ក្រុមបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារទាំងអស់នោះមានដូចជា ក្រុមបុគ្គលិកមកពីផ្នែកទីផ្សារ ផ្នែកសុវត្ថិភាពគេហទំព័រ ផ្នែកវិស្វកម្មសហគ្រាស ផ្នែកគ្រប់គ្រងកម្មវិធី ផ្នែកយុទ្ធសាស្ត្រមាតិការ និងផ្នែកទំនាក់ទំនងសាជីវកម្មជាដើម។

បើគិតចាប់តាំងពីពេលដែលក្រុមហ៊ុន Meta ផ្តើមអនុវត្តផែនការកាត់បន្ថយបុគ្គលិកនៅពាក់កណ្តាលឆ្នាំ​ ២០២១ រហូតមកទល់នឹងពេលនេះ​ គឺមានបុគ្គលិកសរុបជាង ១១,០០០នាក់ដែលត្រូវបានបាត់បង់ការងារ។ ការកាត់បន្ថយបុគ្គលិកនេះគឺជាផែនការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននោះទេ ខណៈនាពេលកន្លងមកក្រុមហ៊ុនធ្លាប់បានអះអាងថា ហេតុផលនៃការអនុវត្តគម្រោងនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុន។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ទន្ទឹមនឹងការកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សក្នុងទំហំដ៏ច្រើននេះ ក្រុមហ៊ុន Meta ក៏កំពុងតែផ្តោតលើកម្រោងយកបច្ចេក AI (បញ្ញាសិប្បនិម្មិត)​ មកជំនួយការងាររបស់មនុស្សជាច្រើនកន្លែងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: