ព័ត៌មានជាតិ

ផ្ដើមចេញពីការគុំគួន ក្មេងស្ទាវមួយក្រុមបបួលគ្នីគ្នា ដេញវាយគូទំនាស់ផ្អើលពេញសង្កាត់អូរអំបិល

BY
srey nuch
May 27, 2023

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្មេងស្ទាវមួយក្រុម គ្រាន់តែមានទំនាស់ពាក្យសំដីនិងគ្នាសោះមិនអាចដោះស្រាយបាន មានគំនុំឈានដល់បបួលគ្នីគ្នាជាច្រើននាក់ មានកាំបិត ដាវ ដេញកាប់គូ ទំនាស់ ផ្អើលពេញសង្កាត់អូរអំបិល បណ្តាលឲ្យភាគីម្ខាងរបួសធ្ងន់ម្នាក់។

ក្រោយពីកើតហេតុ ត្រូវកំលាំងអធិកាដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវឈានដល់បង្ក្រាបបាន១១នាក់។ ករណីហឹង្សានេះកើតឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី២៣ ខែឧសភា ២០២៣ នៅចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ១កន្លែង ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមការអះអាងរបស់ជនសង្ស័យទាំងអស់បាននិយាយប្រាប់សមត្ថកិច្ចថា៖ រឿងរ៉ាវដែលឈានដល់កាប់គ្នានេះ ផ្តើមពីរឿងគំនុំកន្លងមក ដោយក្រុមខ្លួនមិនសុខចិត្ត ក៏បបួលគ្នីគ្នាបានចំនួន ១៦នាក់ ជិះម៉ូតូ៦គ្រឿង ចេញធ្វើសកម្មភាពទាំងយប់ មានម៉ាកហុងដាឌ្រីម ៥គ្រឿង ម៉ាកស្កុបពី ១គ្រឿង ពណ៌ខៀវ ដេញកាប់ និងយកដុំថ្មគប់ទៅលើ ជនរងគ្រោះមានគ្នា ៥នាក់ នៅចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ ១កន្លែង ដោយកាប់គូទំនាស់ពួកគេម្នាក់ ត្រូវចំដៃរងរបួសធ្ងន់ ចំណែក៤នាក់ទៀតគេចរួចខ្លួន មិនអស់ចិត្តពួកគេបានកាប់ម៉ូតូ ខូតអស់ ៣គ្រឿង បន្តទៀតហើយគេចខ្លួន។

នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ ក្រោយពីកើតហេតុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការគ្នាជាមួយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវជនបង្កឈានដល់ឃាត់ខ្លួនបានចំនួន ១១នាក់ ក្នុងចំណោម ១៦នាក់ រួមនិងវត្ថុតាង មានម៉ូតូ ៥គ្រឿង និងកាំបិត ៣ដើម យកមកអធិការក្រុងសិរីសោភ័យដើម្បីធ្វើកំណត់ហេតុ ។

នគរបាលបានបន្តថា៖ ក្រុមជនដៃដល់ ទាំង១១នាក់រួមមាន៖

១/-ឈ្មោះ ឡន ជីឡុង អាយុ១៦ឆ្នាំ
២/-ឈ្មោះ សម្ភស្ស ប៊ុនហេង អាយុ១៦ឆ្នាំ
៣/-ឈ្មោះ ញែប ឡុងហេង អាយុ១៧ឆ្នាំ ជនដៃដល់មានកាំបិត
៤/-ឈ្មោះ ពេញ នរៈសត្យា អាយុ១៧ឆ្នាំ
៥/-ឈ្មោះ ខន រតនា អាយុ១៦ឆ្នាំ
៦/-ឈ្មោះ ខន សិរីឧត្តម អាយុ១៦ឆ្នាំ
៧/-ឈ្មោះ យាន គារ៉ា អាយុ១៦ឆ្នាំ
៨/-ឈ្មោះ ធឿន ប៉ូលីន អាយុ១៧ឆ្នាំ
៩/-ឈ្មោះ ប៊ុឡា ផានិត អាយុ១៥ឆ្នាំ ភូមិសូភី
១០/-ឈ្មោះ ជូ បញ្ចះបញ្ញាអាយុ១៦ឆ្នាំ
១១/- ឈ្មោះ ភាព ពីនធុក អាយុ១៥ ឆ្នាំ ជនសង្ស័យទាំង១១នាក់រស់នៅក្នុងក្រុងសិរីសោភ័ណ។

ចំណែកជនរងគ្រោះមានឈ្មោះ សមុទ្យ ភេទប្រុស ត្រូវគេកាប់ចំដៃឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ។បច្ចុប្បន្នជនដៃដល់ទាំង១១នាក់ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកគ្នីគ្នា ៥នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះកំលាំងនគរបាលក្រុងសិរីសោភ័ណបន្តស្រាវជ្រាវចាប់យកមកផ្តន្ទាទោសផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

Share This Post: