ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមាណ៥០០នាក់ នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ទទួលបាន​ការពិនិត្យ​សុខភាពនិងព្យាបាលជំងឺឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

BY
srey nuch
May 29, 2023

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និង​ជារដ្ឋលេខាធិការក្រសួងផែនការ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យសុខភាព និងព្យា​បាល ​ព្រមទាំងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកបន្ទាយស្រី ខេត្ដ​សៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឩត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុម​ការងារ​គ្រូ​ពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ បាន​ធ្វើ​ឡើង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដែលសកម្មភាពមនុស្សធម៌នេះ បានពិនិត្យ​សុខ​ភាព​ចែកជូនថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃចន្លោះពី៣០០នាក់ ទៅ៥០០នាក់ ។

លោក ប៉ែន ផល្គុន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តសៀមរាប និងជាប្រធានមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មានប្រសាសន៍ថា ក្រុមការងារបានធ្វើការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូ​វ​ចិត្ត ជំងឺទូទៅផ្នែកកុមារ រោគស្ត្រី ឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយអាហារ ជំងឺសើរស្បែក ព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគ​ក្រពះ​​តាមរយ:ខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច​និងព្យាបាលរបួស។ល។

លោកបានបញ្ជាក់ថា ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ នេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តី​ស្រឡាញ់បង​ប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ ពោល​គឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅ​ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ ។

លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានថ្លែងថា សកម្មភាពមនុស្សធម៌នេះ​អាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថិរភាព និងសុខសន្តិភាពពេញលេញ ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលរងខេត្ដបានអំពាវនាវដល់​ប្រជា​ពលរដ្ឋ​ទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្សព្រោះថាតាមរយៈគោលនយោ​បាយនេះ​ហើយដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ។

ឯកឧត្តម លេង ផាលី បានឱ្យដឹងដែរថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះ​ទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារនិងសង្គជាតិ។​

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤ ៦០១ នាក់ ហើយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះបានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ និងស្ម័គ្រចិត្តឥតគិតថវិកា​បេសកកម្ម។ គិតចាប់តាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់​បច្ចុប្បន្នជូ​ន​ប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុងង ២៥ រាជធានី-ខេត្ត ដោយចាក់វ៉ាក់សាំងបាន​ចំនួន ១០ ៥៤៣ ២៣៩ ដូស (ដប់លាន ហាសិបបួនម៉ឺនបីពាន់ពីររយសាមសិបប្រាំបួន ដូស)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: