អន្តរជាតិ

អាមេរិកអំពាវនាវឲ្យ UN បើកកិច្ចប្រជុំពិភាក្សាជុំវិញករណីបាញ់ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង

BY
Pheakdey
June 2, 2023

អាមេរិក៖ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យអង្គការសហប្រជាជាតិបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាជុំវិញបញ្ហាដែលប្រទេសកូរ៉េខាងជើងបានប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី២ ខែមិថុនានេះ។ គួរកត់សម្គាល់ថា កាលពីថ្ងៃពុធកន្លងទៅនេះទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកដំបូងរបស់ខ្លួនទៅកាន់ទីអវកាសតែត្រូវទទួលបរាជ័យ ខណៈប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានសន្យាថា នឹងបន្តបាញ់ផ្កាយរណបចារកម្មប្រភេទដូចគ្នានេះជាច្រើនគ្រាប់បន្ថែមទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជុំវិញករណីដ៏រសើបនេះ សហរដ្ឋអាមេរិកបានធ្វើការថ្កោលទោសយ៉ាងខ្លាំង និងបានអះអាងថា កូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងដោយរំលោភទៅលើគោលការណ៍ជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានបង្កឲ្យមានអស្ថិរភាពពិភពលោកផងដែរ។ បើតាមលោក Nate Evans ដែលជាអ្នកនាំពាក្យឲ្យបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា អង្គការសហប្រជាជាតិត្រូវតែបើកកិច្ចប្រជុំមួយដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើង ហើយកិច្ចប្រជុំនេះក៏ត្រូវតែធ្វើការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាសាធារណៈផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: