ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគជំនួយមនុស្សធម៌ចំនួន ៣០០.០០០ដុល្លារ ដល់មីយ៉ាន់ម៉ា

BY
srey nuch
June 2, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគជំនួយមនុស្សធម៌ចំនួន បីសែនដុល្លារអាមេរិកដល់មីយ៉ាន់ម៉ា។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយ មនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយ សង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះ បានឆាប់រហ័ស។

កាយវិការសប្បុរសធម៌ខាងលើឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាព និងសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុង ស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្តារប្រទេសឡើងវិញ៕

ប្រភព៖ Ministry of Foreign Affairs and International Cooperation – Cambodia

Share This Post: