អន្តរជាតិ

មន្ទីរបញ្ចកោណអាមេរិក បានចុះកិច្ចសន្យាជាមួយ Starlink ដើម្បីធានាការប្រើប្រាស់អ៊ីនធឺណិតសម្រាប់អ៊ុយក្រែន

BY
autoadmin
June 2, 2023

ក្រសួងការពារជាតិអាមេរិកបានចុះកិច្ចសន្យាជាមួយសេវាកម្មទំនាក់ទំនងផ្កាយរណប របស់មហាសេដ្ឋីលោក Elon Musk ដើម្បីជួយអ៊ុយក្រែនរក្សាការចូលប្រើអ៊ីនធឺណិតដ៏សំខាន់របស់ពួកគេ។ Starlink ផ្តល់ការចូលប្រើអ៊ីនធឺណិតល្បឿនលឿន តាមរយៈបណ្តាញផ្កាយរណប ដែលគ្រប់គ្រងដោយ SpaceX ដែលជាក្រុមហ៊ុនរបស់លោក Musk ។ អ៊ុយក្រែន​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ ​ដើម្បី​បើក​ឱ្យ​​ដ្រូន​ឈ្លបយកការណ៍​របស់ខ្លួន​ អាចតាម​ដាន​ និង​វាយប្រហារ​កងកម្លាំង​រុស្ស៊ី។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងបន្តធ្វើការជាមួយដៃគូសកលជាច្រើន ដើម្បីធានាថាអ៊ុយក្រែនមានផ្កាយរណបដែលមានភាពធន់ និងសមត្ថភាពទំនាក់ទំនងដែលពួកគេត្រូវការ»។ វាក៏បាននិយាយផងដែរថា៖ «ការទំនាក់ទំនងតាមផ្កាយរណបគឺជាស្រទាប់ដ៏សំខាន់ នៅក្នុងបណ្តាញទំនាក់ទំនងរួមរបស់ប្រទេសអ៊ុយក្រែន»។ ក្រុមហ៊ុន SpaceX បានផ្តល់សេវា Starlink ដល់អ៊ុយក្រែនដោយមិនគិតថ្លៃ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី។ ប៉ុន្តែលោក Musk បាននិយាយកាលពីខែតុលាឆ្នាំមុនថា ក្រុមហ៊ុនរបស់គាត់មិនអាចមានលទ្ធភាពធ្វើដូច្នេះដោយគ្មានកំណត់នោះទេ ដោយសារការចំណាយដ៏ច្រើនដែលពាក់ព័ន្ធ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: