ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

BY
srey nuch
June 2, 2023

រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជូនមូលនិធិគន្ធ បុប្ផាកម្ពុជា។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ក្រោមវត្តមាន លោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាង ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យ កុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូល និធិគន្ធបុប្ផាស្វីស និង លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ ក្នុងពេលនោះផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានសម្តែងនូវក្តី សោមស្ស រីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំ ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើម ថ្នាក់ជាតិនៃផែន ការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើ សួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ ដល់មន្ទីរពេទ្យ កុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យ កុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ លោកជំទាវកិត្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មូលនិធិគន្ធបុប្ផាស្វីស ដែលនៅតែបន្តឧបត្ថម្ភគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើរជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននិរន្តរភាព ទ្រទ្រង់ ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា។

លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា «ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា គឺជា អាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ និងចូលរួម ចំណែក រែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យ កុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារ កម្ពុជារាប់ម៉ឺន សែននាក់ បន្តទៅទៀត»។ លើសពីនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានជម្រាបជូនគណៈប្រតិភូអំពី ការកៀរគររកមូលនិធិរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារដល់កាកបាទក្រហមកម្ពុជា​ ដែលគិតមកត្រឹមខែឧសភា​ ឆ្នាំ២០២៣​ ទទួលបានមូលនិធិសរុបសមមូលជាប្រាក់ដុល្លារ ចំនួន​ ១៣.៩៧០.១៩០ ដុល្លារអាម៉េរិក​។

ជាមួយគ្នានោះ ឯកឧត្តម រស់ សីលវ៉ា ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្ស នៅកម្ពុជា និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ, បន្ទាប់ពីបង្កើត និងដាក់ឱ្យដំណើរ ការជាផ្លូវការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេជា ស្ថាបនិក និងជាប្រធានកិត្ដិយសរបស់មូលនិធិផ្ទាល់។

ឯកឧត្តម ក៏បានថ្លែងប្រកបដោយសុទិដ្ឋិនិយមថា «វិភាគទានដ៏ថ្លៃថ្លារបស់កាកបាទ ក្រហមកម្ពុជា នឹងចូលរួមចំណែកធានានូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារ គន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជា នឹងបន្ដទទួលបានការធានានូវការគាំពារផ្នែក សុខភាព»។ ឯកឧត្តម ក៏បានជម្រាបជូនផងដែរ អំពីបញ្ហាប្រឈមរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដូចជា៖ ស្ត្រីសម្រាលកូននៅពុំទាន់មានគ្រែសម្រាកគ្រប់គ្រាន់, អត្រាមរណភាពទារកទើប កើតនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ នៅមានកម្រិតមួយដែលគួរត្រូវយកចិត្តទុកដាក់ បន្ថែម និងមន្ទីរពេទ្យក៏កំពុងសាងសង់អគារសម្ភពថ្មីមួយ ដែលមានគ្រែសម្រាកចំនួន ១២០គ្រែ (ក្នុងនោះមានគ្រែសម្រាកព្យាបាលសង្គ្រោះទារកចំនួន ២០គ្រែ) នៅមន្ទីរពេទ្យជ័យ វរ័្មនទី៧សៀមរាប និងបានពង្រីកបន្ថែមលើការព្យាបាលជំងឺមហារីកផ្សេងៗលើកុមារតាម វិធីព្យាបាលដោយថ្នាំគីមីផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍សកម្មភាពក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ របស់មន្ទីរពេទ្យកុមារគន្ធបុប្ផា បានឱ្យដឹងថា កុមារមានជំងឺចំនួន ៣២០.៩២១នាក់ ត្រូវបាន ពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ (កើន៥២ភាគ) ច្រើនជាងឆ្នាំ២០២២។ កុមារមាន ជំងឺធ្ងន់ធ្ងរចំនួន ៧៤.៩៧៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើន១០៨ភាគ រយ) ច្រើនជាងឆ្នាំ២០២២។ កុមារចំនួន ៣៧៥នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

កុមារចំនួន ១០.៣៩១នាក់ បានទទួលការវះកាត់។ វះកាត់ បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា សៀមរាប និងភ្នំពេញ បានចំនួន ៣៦៧នាក់។ ស្ត្រីមានផ្ទៃពោះចំនួន ៤២.០៩៥ករណី បានមកពិនិត្យ តាមដាន ផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាល កូននៅមន្ទីរ ពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣ ខេត្តសៀមរាប) បានចំនួន ៨.៣១៩នាក់ កើន ៣៥ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: