ព័ត៌មានជាតិ

កូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មក្រុមហេគឃ័រ Kimsuky ដែលមានពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ផ្កាយរណបរបស់កូរ៉េខាងជើង

BY
autoadmin
June 2, 2023

កូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី ប្រឆាំងនឹងក្រុមហេគឃ័ររបស់កូរ៉េខាងជើង ពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ផ្កាយរណបរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ បានប្រកាសដាក់ការហាមឃាត់លើប្រតិបត្តិការហិរញ្ញវត្ថុ ប្រឆាំងនឹងក្រុមហេគឃ័រ Kimsuky។ ក្រសួងបាននិយាយថា Kimsuky ត្រូវបានគេដឹងថា បានផ្ញើអ៊ីមែលក្លែងបន្លំ ដែលមានប្រភពមកពីស្ថាប័នរដ្ឋាភិបាល ក្រុមជំនាញស្រាវជ្រាវ (think tanks) និងបណ្តាញព័ត៌មាន ដើម្បីលួចទិន្នន័យតាមរយៈឯកសារភ្ជាប់មេរោគ។ ព័ត៌មានដែលទទួលបានត្រូវបានគេជឿថា ត្រូវបានផ្តល់ឱ្យរដ្ឋាភិបាលកូរ៉េខាងជើង។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា Kimsuky និងក្រុមហេគឃ័រកូរ៉េខាងជើងផ្សេងទៀត បានទទួលបច្ចេកវិទ្យាទំនើបលើអាវុធ ផ្កាយរណប និងបច្ចេកវិទ្យាអវកាសនៅទូទាំងពិភពលោក ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងភ្នាក់ងារប៉ូលីសរបស់កូរ៉េខាងត្បូង ក៏បានចេញផ្សាយការប្រឹក្សាសន្តិសុខរួមគ្នាជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក និងការិយាល័យសហព័ន្ធស៊ើបអង្កេតផងដែរ។ វាផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែល Kimsuky ប្រតិបត្តិការ និងអ្វីដែលអាចធ្វើបានដើម្បីបង្កើនសុវត្ថិភាពបណ្តាញ។ ក្រសួងការបរទេសកូរ៉េខាងត្បូង និយាយថា ការដាក់ទណ្ឌកម្មចុងក្រោយនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងការធ្វើឱ្យប្រទេសកូរ៉េខាងជើង ទូទាត់សម្រាប់ការបង្កហេតុរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: