អន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងនៅជប៉ុន បានធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិត ២នាក់បាត់ខ្លួន និងជាច្រើននាក់រងរបួស

BY
autoadmin
June 3, 2023

ភ្លៀងធ្លាក់ខ្លាំងពាសពេញផ្នែកខ្លះនៃប្រទេសជប៉ុន បានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស ២ នាក់បាត់ខ្លួន និងរាប់សិបនាក់ទៀតរងរបួស នេះបើតាមអាជ្ញាធរបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣។ គ្រោះជន់លិចត្រូវបានបង្កឡើងដោយចំហាយនៃព្យុះទីហ្វុង Mawar ដែលឥឡូវនេះបានចុះថយទៅជាព្យុះត្រូពិច។ ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ Toyohashi ភាគកណ្តាលនៃខេត្ត Aichi ដែលជាកន្លែងមានការជូនដំណឹងអំពីការជម្លៀសកម្រិតខ្ពស់បំផុតរបស់ប្រទេស បានរាយការណ៍កាលពីថ្ងៃសុក្រថា៖«រកឃើញបុរសម្នាក់អាយុប្រហែល ៦០ឆ្នាំ នៅក្នុងឡានដែលលិចទឹក ប៉ុន្តែក្រោយមកគាត់ត្រូវបានគេបញ្ជាក់ថា បានស្លាប់»។

នៅភាគខាងលិច Wakayama ជាកន្លែងដែលទន្លេជាច្រើនបានបាក់ច្រាំងទន្លេ ក្រុមមន្ត្រីបានប្រាប់ AFP ថា ពួកគេបានបន្តការស្វែងរកបុរសម្នាក់ និងស្ត្រីម្នាក់ដែលបាត់ខ្លួននៅក្នុងតំបន់នោះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយបាននិយាយថា មនុស្សសរុបចំនួន ៦ នាក់បានរងរបួសធ្ងន់ និង ២៤ នាក់បានរងរបួសស្រាល គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ។ នៅភាគកណ្តាល និងភាគខាងលិចប្រទេសជប៉ុន បទបញ្ជាជម្លៀសជាច្រើន ដែលមិនមែនជាការបង្ខិតបង្ខំ និងសូម្បីតែនៅកម្រិតខ្ពស់បំផុត ត្រូវបានបន្ធូបន្ថយនៅថ្ងៃសៅរ៍ ខណៈដែលភ្លៀងបានធូរស្រាល។ ប៉ុន្តែ​ការ​ព្រមាន​ថ្មី​ត្រូវ​បាន​ចេញ​នៅ​តំបន់​ជិត​ទីក្រុង​តូក្យូ​នៅ​ព្រឹក​ព្រលឹម ​អំពី​ហានិភ័យ​ទឹកជំនន់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: