អន្តរជាតិ

ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមដាក់បម្រាមលើផលិតផលផ្លាស្ទិកប្រើតែមួយដង នៅចុងឆ្នាំ២០២៩

BY
autoadmin
June 7, 2023

លោក Siti Nurbaya Bakar រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងព្រៃឈើរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ ទី០៥ ខែមិថុនាបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមដាក់បម្រាមលើផលិតផលផ្លាស្ទិកប្រើតែមួយដង (single-use) នៅចុងឆ្នាំ២០២៩។ នៅពេលនោះ ក្រុមហ៊ុនផលិតក៏ត្រូវមានកាតព្វកិច្ចកាត់បន្ថយការប្រើប្រាស់វេចខ្ចប់ប្លាស្ទិកចំនួន ៣០% ផងដែរ។ លោក Siti Nurbaya បាននិយាយថា ការហាមប្រាមនឹងរួមបញ្ចូល ថង់ផ្លាស្ទិកដែលប្រើតែមួយដង បំពង់បឺតផ្លាស្ទិច និងប្រដាប់កាត់ប្លាស្ទិក ខណៈដែលការប្រើប្រាស់ប្រអប់ស្នោ styrofoams វេចខ្ចប់អាហារក៏នឹងត្រូវហាមឃាត់ផងដែរ។

រដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖«នេះគឺជាមធ្យោបាយដោះស្រាយជាមួយកាកសំណល់វេចខ្ចប់ដែលពិបាកក្នុងការប្រមូល មិនមានតម្លៃសន្សំសំចៃ ពិបាកក្នុងការកែច្នៃឡើងវិញ និងមានសក្តានុពលក្នុងការបំពុលបរិស្ថាន»។ ជម្រាបដែរថា ការសិក្សា និងរបាយការណ៍ជាច្រើន បានដាក់ឈ្មោះប្រទេសឥណ្ឌូណេស៊ីថា ជាប្រទេសផលិតកាកសំណល់ប្លាស្ទិកកំពូលមួយក្នុងពិភពលោក។ កាលពីឆ្នាំមុន ប្រទេសដែលមានប្រជាជនចំនួន ២៧០ លាននាក់ បានផលិតកាកសំណល់ប្លាស្ទិកចំនួន ១២.៦ លានតោន នេះបើយោងតាមទិន្នន័យពីក្រសួងបរិស្ថានរបស់ប្រទេសឥណ្ឌូនេស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: