ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កោតសរសើររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីររូប ដែលចេះសន្សំ ថវិកាសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

BY
srey nuch
June 7, 2023

ខេត្ដកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើចំពោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួនពីររូបដែលចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះនោះឡើយ។

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកល្វាឯម ខេត្ដកណ្ដាល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនពីររូប ដែលចេះសន្សំសំចៃនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានថ្លែងថា នៅល្ងាចថ្ងៃទី៣១ សម្ដេចតេជោតែងតែផ្ញើដល់សមាជិករាជរដ្ឋាភិបាល បានឱ្យដឹងថា ចំណូលខែនេះ កម្ពុជាទទួលបានប៉ុន្មាន ខណៈខែមីនា កម្ពុជាទទួលបានចំណូលជាង ១ពាន់លានដុល្លារផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា៖ «ខ្ញុំ ជាមនុស្សដែលមានមានភព្វសំណាងនៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២រូប មកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ ជារដ្ឋមន្ដ្រីចេះសន្សំលុយ។ អីចឹងបានជាយើងត្រូវហ៊ានដកយក ២៣០ លានជាង យកមកធ្វើស្ពាននេះ (ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅកៀនស្វាយ)»

ជាមួយគ្នានោះដែរ សម្ដេចតេជោបានរម្លឹកថា គម្រោងដើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមផងដែរ ហើយតម្រូវឱ្យប្រជាពលរដ្ឋ បង់ប្រាក់នៅពេលឆ្លងកាត់។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ដោយមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយលើការឆ្លងស្ពាននោះ សម្តេច ក៏សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់ស្ពានឱ្យពលរដ្ឋឆ្លងដោយមិនគិតប្រាក់ តែម្តង។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្ថែមថា៖ «ខ្ញុំ ហាក់ដូចជាសំណាងដែរ តាំងពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ចេះសន្សំលុយ»

ប្រភព​៖ ក្រសួងព័ត៌មាន

Share This Post: