សុខភាព

ជំងឺគ្រុនឈីករាលដាលដល់ ១៥ខេត្តហើយ ក្នុងនោះ ៤ខេត្ត មានករណីសង្ស័យកើនឡើងច្រើន

BY
Khmernote Media
August 6, 2020

​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​សរុប​ទូទាំង​ប្រទេស​មាន​ការ​កើន​ឡើង​ពី ១,០២០ ឡើង​មក​ដល់ ១,៧០០ ករណី​សង្ស័យ និង​មាន​ការ​រីកដាល​ដាល​ដល់​ខេត្ត​ចំនួន​១៥ គិតត្រឹមថ្ងៃទី ៥ សីហា ២០២០។ នេះបើប្រភពពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល។

ខេត្តទាំង ១៥ នោះមាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្តាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរា។

ក្នុង​ចំណោម​នោះ លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល បញ្ជាក់ថា ខេត្ត​ខ្លះ​មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក​ច្រើន ឯ​ខេត្ត​ទៀត​ក៏​តិច ១ ២ ទៅ​ ៥ករណី​ប៉ុណ្ណោះ។ ក្នុង​ចំនួន ១.៧០០ ករណី​សង្ស័យនេះ កម្មវិធីជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម កំពុង​តែ​វិភាគ​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​មក​ទល់​ថ្ងៃទី៥ ខែសីហានេះ មាន ​៧២,៤០% រក​ឃើញ​ថា​មាន​ជំងឺ​គ្រុនឈីក ដែល​តួលេខ​នេះ​ខ្ពស់ តម្រូវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ថា ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ខេត្ត​សៀមរាប ពី៤៦៧-៦៧៤ ករណី​សង្ស័យ ខេត្ត​កំពង់ចាម​កើន​ឡើងពី ១៤៦-២៨០ ករណី​សង្ស័យ ខេត្ត​កណ្តាល កើនពី ១៤៦-១៦៤ករណី​សង្ស័យ និង​ខេត្ត​បន្ទាយមានជ័យ កើនពី ២១១-២២៧​ករណី​សង្ស័យ។ ដោយ​ខេត្តមួយ​ចំនួន​ទៀត​មាន​ករណី​សង្ស័យ​កើត​ជំងឺគ្រុន​ឈីក​កើន​ឡើង​ដែរ តែ​ក្នុង​ចំនួន​មួយ​តិចតួច​ប៉ុណ្ណោះ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: