[ទំព័រម្ហូប] ស៊ុបមាន់យុិនសិនពិសេស ម្ហូបពេញនិយមខ្លាំងក្នុងការទទួលទាន ដើម្បីព្យាបាល និងបំប៉នសុខភាព
រៀនធ្វើម្ហូប November 24, 2021 Bee Food

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត (ស៊ុបមាន់យុិនសិនបែបកូរ៉េ) ដែលមានការនិយមយ៉ាងខ្លាំងក្នុងការទទួលទានដើម្បីព្យាបាល និងបំប៉នអោយរាង្គកាយមានកម្លាំង ជួយសម្រួលថាមពល សីតុណ្ហភាពក្នុងរាងកាយ ជាមួយនឹងអាកាសធាតុខាងក្រៅ។  ស៊ុបមាន់នេះដែរនៅពេលដែលយើងចំហុយ ហើយទឹកស៊ុបនឹងមានរសជាតិសាប ប៉ុន្តែយើងអាចរោយពីលើដោយម្រេចម៉ត់ និងអំបិលបន្តិច ឬទទួលទានជាមួយនឹងទឹកជ្រលក់ផ្សេងៗដែលយើងចូលចិត្តក៏បាន តោះមកមើលពីគ្រឿងផ្សំនិងរបៀបធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. មាន់ ១ក្បាល ៨០០ក្រាម
  2. អង្ករដំណើប 3/4 ចានចង្កឹះ
  3. ស្លឹកខ្ទឹមជប៉ុន ១ដើម
  4. ខ្ទឹមបារាំង 1/2 ចានចង្កឹះ
  5. ពុទ្រាចិន ៩គ្រាប់
  6. ខ្ទឹមស ៧គ្រាប់
  7. ឈុតស៊ុបយុិនសិនកូរ៉េ ១ឈុត
  8. អំបិលម៉ត់ បន្តិច
  9. ម្រេចម៉ត់បន្តិច
  10. ទឹកស្អាតល្មមអោយលិចមាន់

*វិធីធ្វើ

  1. យកអង្ករដំណើបលាងទឹកអោយស្អាតរួចត្រាំទឹករយះពេល១ម៉ោង រួចនាំយកមកលាងទឹកម្តងទៀត រួចស្រង់ដាក់កញ្ច្រែងអោយស្រស់ទឹក ទុកមួយអន្លើរ
  2. ក្រោយមកទៀតយើងយកមាន់មកលាងទឹកអោយស្អាតដុសជាមួយនឹងអំបិលទាំងផ្នែកខាងក្រៅនឹងផ្នែកខាងក្នុង​ រួចយកក្រដាសផ្តិងអោយស្ងួតល្អ រួចកាត់កន្លែងដែលមានខ្លាញ់មានចេញអោយអស់ កាត់គូទមានចេញ
  3. ក្រោយមកទៀតច្រកអង្ករដំណើបដែលយើងបានលាងទុកចូលទៅខាងក្នុងមាន់ តាមដោយពុទ្រាចិន ខ្ទឹមស យុិនសិន ចូលទៅក្នុងមាន់បន្តិចល្មម ក្រោយមកទៀតចងជើងមានចូលគ្នាអោយជាប់ល្អ
  4. រួចរៀបមាន់ដាក់ឆ្នាំង តាមដោយស្លឹកខ្ទឹមជប៉ុន ខ្ទឹមបារាំង យុិនសិន គ្រឿងស៊ុបកូរ៉េ រួចចាក់ទឹកអោយលិចមាន់ល្មម
  5. រួចយកឆ្នាំងទៅដាក់ពីលើចង្ក្រាន អោយពុះរយះពេល ៣០នាទី ហើយបិតគម្របរួចបន្តការរំងាស់រយះពេល ៤០ទៅ៥០នាទី (ក្នុងពេលដែលយើងរំងាស់មាន់ប្រសិនបើរីងទឹកយើងអាចបន្ថែមទឹកបាន) អាស្រ័យទៅលើខ្នាតទំងន់នៃសាច់មាន់
  6. នៅពេលដែលយើងរំងាស់រហូតទាល់តែអង្ករដំណើបនៅខាងក្នុងមាន់ឆ្អិនហើយ លើកចេញពីចង្ក្រាន រោយពីលើដោយស្លឹកខ្ទឹម ម្រេច អំបិលបន្តិចជាការស្រេច។