[ទំព័រម្ហូប] មាន់បំពងទឹកសុសកូរ៉េ ( bonchon chicken) រូបមន្តពីមេផ្ទះជនជាតិកូរ៉េផ្ទាល់ ធានារសជាតិឆ្ងាញ់បែបកូរ៉េពិតៗ
រៀនធ្វើម្ហូប November 24, 2021 Bee Food

រូបមន្តមាន់បំពងកូរ៉េក្នុងថ្ងៃនេះ ជារូបមន្តដែលបានមកពីមេផ្ទះជនជាតិកូរ៉េ ដែលបានធ្វើញាំជាញឹកញាប់ ធានាឆ្ងាញ់ជាប់ចិត្តជាមិនខាន មាន់បំពងស្រួយៗក្រឡុកជាមួយនឹងទឹកសុសមាន់កូរ៉េ ទទួលទានលេងៗ ក្នុងឪកាសជួយជុំគ្រួសាររឺមិត្តភក្តិ តោះកុំអោយខាតពេលយូរ យើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ស្លាបមាន់ និងស្លាបមាន់ត្រង់ផ្នែកកណ្តាល ១គីឡូក្រាម
  2. ម្ស៉ៅសម្រាប់បំពងស្រួយ  1/2 ចានចង្កឹះ
  3. អំបិលម៉ត់ 1/2 ស្លាបព្រាកាហ្វេ
  4. ម្រេចម៉ត់ 1/4 ស្លាបព្រាកាហ្វេ
  5. ប្រេងសណ្តែក ១ស្លាបព្រាកាហ្វេ
  6. ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  7. មីរីន(ប្រសិនបើមិនមានអាចប្រើទឹកស្ករជំនួសវិញក៏បាន)
  8. ទឹកឃ្មុំ ២ស្លាបព្រាបាយ
  9. ទឹកម្ទេសឃរឈូចាំង ២ស្លាបព្រាបាយ
  10. ប្រេងល្ង ២ស្លាបព្រាកាហ្វេ
  11. ទឹកប៉េងប៉ោះ 1/4 ស្លាបព្រាបាយ
  12. ទឹកខ្នេះប៉ោម ១ស្លាបព្រាបាយ
  13. ទឹកស៊ីអ៉ីវ ១ស្លាបព្រាបាយ
  14. ល្ងសរលីងរួច តាមចំណូលចិត្ត
  15. ស្លឹកខ្ទឹមរោយពីលើតាមចំណូលចិត្ត

*វិធីធ្វើ

  • យកមាន់មកលាងទឹកអោយស្អាត រួចប្រើក្រដាសជូតមាត់ជូតអោយស្ងួតល្អ ​ក្រោយមកទៀត យកម្ស៉ៅដំលូងរឺម្ស៉ៅសម្រាប់បំពងស្រួយ លាយជាមួយនឹង ម្រេច អំបិល លាយអោយចូលគ្នាល្អ ក្រោយមកទៀតយកមាន់ទៅក្រឡុកជាមួយនឹងម្ស៉ៅ​អោយសប់ល្អ
  • ចាក់ប្រេងសម្រាប់បំពងចូលទៅក្នុងខ្ទះ នៅពេលដែលខ្លាញ់ក្តៅ ដាក់មាន់ចូលទៅបំពងអោយឆ្អិន និងលឿងល្អ ទាំងពីរផ្នែក រួចស្រង់ឡើងអោយស្រស់ខ្លាញ់
  • តោះយើងងាកមកលាយទឹកសុសកូរ៉េទាំងអស់គ្នា ដោយដាក់ ខ្ទឹមសចិញ្ច្រាំ ប្រេងសណ្តែក  ទឹកស៊ីអ៉ីវ ទឹកប៉េងប៉ោះ ទឹកម្ទេសឃរឈូចាំង ទឹកស្ករ ទឹកឃ្មុំ ប្រេងល្ង ទឹកខ្នេះប៉ោម លាយអោយចូលគ្នាល្អ រួចចាក់ចូលទៅរំងាស់នៅក្នុងខ្ទះ នៅពេលដែលទឹកសុសពុះហើយ ដាក់មានបំពងចូលទៅក្រឡុកអោយចូលគ្នាល្អ រួចបិទភ្លើង រៀបដាក់ចានរោយពីលើដោយ ស្លឹកខ្ទឹម និងល្ងសរជាការស្រេច។