[ទំព័រម្ហូប] មីសួរអប់សាច់មាន់ខ្ទះក្តៅ បងប្អូនដែលនិយមទទួលទានមីសួរដឹងតែត្រូវមាត់ហ្មង រសជាតិឆ្ងាញ់ប្លែក
រៀនធ្វើម្ហូប November 25, 2021 Bee Food

សួស្តីបងប្អូនស្ត្រីមេផ្ទះទាំងអស់គ្នា សម្រាប់បងប្អូនដែលនិយមទទួលទានមីសួរ ថ្ងៃនេះដែរយើងមានរូបមន្ត មីសួរអប់សាច់មាន់ខ្ទះក្តៅ មកចែកជូន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ សរសៃមីសួរទន់ល្មើយ ទទួលទានជាមួយនឹងមាន់លីងឈ្ងុយ ទទួលទានលក្ខណៈក្តៅៗឈ្ងុយឆ្ងាញ់ជាប់មាត់តែម្តង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើ ទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. មីសួរ ១កញ្ចប់
  2. ទ្រូងមាន់ហាន់ចំនិត ១៥០ក្រាម
  3. ពងមាន់ស្រុះ ១គ្រាប់
  4. ពងទា ២គ្រាប់
  5. ខ្ទឹមស ៣០ក្រាម
  6. ស្លឹកខ្ទឹម ហាន់ល្អិតសម្រាប់រោយពីលើ
  7. សាឡាត់ស្រួយ សម្រាប់លំអរចាន
  8. ជីវ៉ាន់ស៊ុយសម្រាប់រោយពីលើ
  9. ឆៃប៉ូវផ្អែម ហាន់ល្អិត ១ស្លាបព្រាបាយ

*គ្រឿងផ្សំ សម្រាប់ផ្សំមីសួរនិងមាន់លីង

  1. ប្រេងខ្យង ២ស្លាបព្រាបាយ
  2. ទឹកស៊ីអ៉ីវខាប់​ ២ស្លាបព្រាកាហ្វេ
  3. ទឹកស៊ីអ៉ីវ ១ស្លាបព្រាបាយ
  4. ទឹកត្រី ១ស្លាបព្រាបាយ
  5. ម្រេច ១ស្លាបព្រាកាហ្វេ
  6. ប្រេងឆា សម្រាប់ឆា
  7. ប៉េងប៉ោះ សម្រាប់លំអរ

*វិធីធ្វើ

  • ចាក់ប្រេងឆាចូលក្នុងខ្ទះរង់ចាំអោយខ្ទះក្តៅ ដាក់ខ្ទឹមសចូលទៅលីងអោយឈ្ងុយនិងលឿងល្អ រួចដាក់ឆៃប៉ូវចូលទៅលីងជាមួយខ្ទឹមអោយឈ្ងុយល្អ ក្រោយមកទៀតដាក់សាច់មាន់ហាន់ល្អិតចូលទៅឆាអោយចូលគ្នានិងឆ្អិនល្អ
  • ផ្សំរសជាតិដោយ ទឺកត្រី ទឹកស៊ីអ៉ីវខាប់ ប្រេងខ្យង ឆាអោយចូលគ្នា
  • ស្រុះមីសួរអោយឆ្អិនល្មម រួចដាក់ចូលទៅឆាអោយចូលគ្នាល្អ  រួចគោះពងទាចូលទៅរួចញីអោយពងបែកល្មម រួចឆាអោយចូលគ្នា រួចដួសដាក់ខ្ទះក្តៅ (សម្រាប់ដាក់បាយគោដុត) រួចរោយពីលើដោយស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ រៀបចំចានដោយបន្លែសាឡាត់ នឹងចុងក្រោយគោះពងមាន់ដែលស្រុះរួចចូលទៅ និងចុងក្រោយរោយដោយម្រេចម៉ត់ពីលើជាការស្រេច។