ព័ត៌មានជាតិ

ប្រជាពលរដ្ឋត្រូវមានឯកសារច្បាប់ដើមតាមខ្លួន ខណៈក្រសួង អាចនឹងចាប់ផ្តើមកម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញាតទៅ

BY
srey nuch
July 30, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានឱ្យដឹងថា ប្រជាពលរដ្ឋត្រូវមានឯកសារច្បាប់ដើមតាមខ្លួន ខណៈក្រសួងចាប់ អាចនឹងចាប់ផ្តើមកម្មវិធីកាត់ពិន្ទុលើប័ណ្ណ បើកបររបស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញាតទៅ ដើម្បីធានាដល់ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដែលចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ តើយើងអាចថតចម្លងកាតគ្រីប្រើបានឬអត់ ពីព្រោះវាមាន QR Code សម្រាប់មើលហើយនោះ? លោកជំទាវ កុយ សុដានី បានបញ្ជាក់ថា ការធ្វើ ដំណើរនៅតាមដងផ្លូវ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក ឯកសារដែលភ្ជាប់ជា មួយយានយន្តនិងអ្នកបើកបរ តាមច្បាប់គឺត្រូវតែភ្ជាប់មកជាមួយនូវច្បាប់ដើម ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ។

លោកជំទាវ បានបន្តថា ការធ្វើដំណើរនៅតាមដងផ្លូវ ឯក សារច្បាប់ដើមសំខាន់ចំនួន៣ សម្រាប់អ្នកបើកបរ នៅតាមដងផ្លូវយកមកតាមខ្លួន ដោយទី១ ប័ណ្ណសម្គាល់យានយន្ត ទី២ ប័ណ្ណបើកបរ និងទី៣ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស ខណៈដែលប័ណ្ណទាំង៣នេះគឺបញ្ជាក់ថា ឯកសារដែលពាក់ព័ន្ធក្នុងការធ្វើដំណើរ គឺជាឯកសារដែលស្របច្បាប់និងត្រឹមត្រូវ។

« ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានការដកពិន្ទុ អ៊ីចឹងការដកពិន្ទុសំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរយានយន្ត ដែលយើងបានកំណត់ រហូតដល់ ១២ពិន្ទុ ដែលអាចនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែ កញ្ញាតែម្តង អ៊ីចឹងទេតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរនឹងតែម្តង។ អ៊ីចឹងទេនៅតាមដងផ្លូវ ការប្រើប្រាស់ បើកបររបស់បងប្អូនប្រជាពលរដ្ឋ គឺទី១ទាមទារប័ណ្ណសម្គាល់យានជំនះ ទី២ ប័ណ្ណបើកបរយានយន្ត និងទី៣ ឆៀក ដែលវាជាវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេស ចាំបាច់ត្រូវតែទុកក្នុងរថយន្ត នូវឯកសារច្បាប់ដើមទាំង៣នេះតែម្តង ។

សូមជម្រាបជូនផងដែរថា កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់ប័ណ្ណរួមមាន ប័ណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់យានយន្ត និងអាចដឹងថាប័ណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ នឹងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: