អន្តរជាតិ
ម៉ាឡេស៊ី កំពុងពិចារណាហាមឃាត់មិនឲ្យមានការលេងហ្គេម PUBG ព្រោះវាអាចធ្វើឲ្យក្មេងក្លាយខ្លួនទៅជាភេរវករបាន
BY Khmernote Media
March 19, 2019
ម៉ាឡេស៊ី៖ ហ្គេម PUBG គឺជាហ្គេម Online បែបបាញ់ប្រហារគ្នា ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសសម្រាប់យុវជនក្មេងៗតែម្តង។ អ្នកខ្លះបានចំណាយពេលទំនេរតិចតួច ដើម្បីលេងហ្គេមនេះ តែក៏មានអ្នកខ្លះវិញបានញៀននឹងហ្គេមនេះលេងរហូតភ្លេចរៀនភ្លេចសូត្រ និងភ្លេចទាំងធ្វើការងារថែមទៀតផង។

សម្រាប់នៅក្នុងប្រទេសម៉ាឡេស៊ីវិញ រដ្ឋាភិបាលកំពុងតែពិចារណាចង់ឲ្យមានការហាមឃាត់ហ្គេម PUBG ទាំងស្រុងតែម្តង ក្រោមហេតុផលវាអាចជះឥទ្ធិពលអាក្រក់ដល់ក្មេងៗ។ បើតាមលោក Mufti អភិបាលរដ្ឋ Negeri Sembilan ដែលជារដ្ឋឥស្លាមស្ថិតនៅក្នុងភាគខាងត្បូងម៉ាឡេស៊ីនោះបានឲ្យដឹងថា ហ្គេមនេះអាចជះឥទ្ធិពលដល់ក្មេងៗដែលអាចធ្វើឲ្យក្មេងៗមានគំនិតហឹង្សា និងអាចក្លាយទៅជាភេរវករទៀតផង។ យ៉ាងណាក្តី សំណើរសុំហាមឃាត់ហ្គេមនេះនៅមិនទាន់ទទួលបានសេចក្តីសំរេចជាផ្លូវការនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz