ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុននឹងចុះចេញពីតំណែង ក្រោយមានរឿងអាស្រូវពុករលួយ
ប្រធានគណៈកម្មាធិការអូឡាំពិករបស់ជប៉ុនបាននិយាយថា គាត់នឹងចុះចេញពីតំណែងក្នុងខែមិថុនា ខាងមុននេះ ដែលការសម្រេចចិត្តនេះបានធ្វើឡើងក្រោយពេលអាជ្ញាធរបារាំងបានស៊ើបអង្កេតរកឃើញថា គាត់មានពាក់ព័ន្ធជាមួយនឹងអំពីពុករលួយក្នុងការចាយប្រាក់មួយចំនួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ 2020 ដែលនឹងរៀបចំនៅក្នុងទីក្រុងតូក្បូ ប្រទេសជប៉ុន ក្នុងខែកក្កដា ឆ្នាំ ២០២០។ ប្រធានប្រធានគណៈកម្មាធិការអូឡាំពិករូបនេះមានឈ្មោះថា Tsunekazu Takeda មានអាយុ ៧១ ឆ្នាំ។

តាមការស៊ើបអង្កេតរបស់អាជ្ញាធរបារាំងបានរកឃើញថា លោក Tsunekazu Takeda បានពាក់ព័ន្ធនឹងរឿងពុករលួយក្នុងការចំណាយលុយខុសប្រក្រតីចំនួន ២ ករណី ដែលមានទំហំទឹកប្រាក់សរុបចំនួន ២,១ លានដុល្លារអាមេរិក។ ក្រោយមានការចោទប្រកាន់ដូចនេះ លោក Tsunekazu Takeda បានសម្រេចថានឹងចុះចេញពីតំណែង ដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយមកធ្វើការម្តង និងដើម្បីដឹកនាំស្ថាប័នមួយនេះឲ្យមានភាពល្អប្រសើរឡើងវិញ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយត្រូវបានធ្វើឡើងចំពោះ Tsunekazu Takeda នៅឡើយទេ តែបើយោងទៅច្បាប់វិញជនណាដែលពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់ខាងលើនេះមែនគឺអាចប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំផងដែរ៕
![]()
អត្ថបទ៖ភក្តី
ប្រភព៖bangkokpost