អាក្រក់ហួស! វក់នឹងល្បែងរហូតជាប់បំណុល ដល់ថ្នាក់លក់កូនស្រីតាមអ៊ីនធឺណិត
ចិន៖ បុរសជនជាតិចិនម្នាក់បានដាក់លក់កូនស្រីបង្កើតខ្លួនឯង ដែលមានអាយុត្រឹមតែ ១ឆ្នាំ តាមបណ្តាញអ៊ីនធឺណិតក្នុងតម្លៃ ៨,៩៨៥ ដុល្លារអាមេរិក ដើម្បីយកលុយទៅសងបំណុល ដែលរូបគាត់ខ្ចីគេយកមកលេងល្បែង។ ឪពុកចិត្តអប្រិយរូបនេះមានឈ្មោះថា Jiang រស់នៅក្នុងក្រុង Guiyang ខេត្ត Guizhou ភាគខាងលិចប្រទេសចិន ហើយរូបគាត់ជាមនុស្សម្នាក់ ដែលគ្មានការងារធ្វើពិតប្រាកដនោះទេ និងជាមនុស្សដែលញៀននឹងល្បែងតាមអនឡាញ
ជារឿយៗគាត់តែងដើរលេងមិនចូលផ្ទះ ដោយទុកឲ្យប្រពន្ធ និងកូននៅផ្ទះជាមួយគ្នា។ កាលពីខែប៉ុន្មានខែមុននេះស្រាប់តែគាត់បានមកយកកូនពីប្រពន្ធរបស់គាត់ ដោយប្រាប់ថា យកកូនឲ្យទៅរស់នៅជាមួយនឹងម្តាយគាត់វិញ ដើម្បីឲ្យប្រពន្ធ និងគាត់មានពេលវេលាគ្រប់គ្រាន់ទៅធ្វើការងាររកប្រាក់ ហើយប្រពន្ធក៏យល់ព្រម។ ក្នុងរយៈពេល ៣ខែ ក្រោយគាត់យកកូនចេញពីផ្ទះ ស្រ្តីជាប្រពន្ធមិនអាចទាក់ទងទៅ កាន់កូនស្រីទាល់តែសោះ ព្រោះតែបុរសជាប្តីមិនបានប្រាប់ពីមធ្យោបាយសម្រាប់ទំនាក់ទំនង និងតែងអះអាងកូនសុខសប្បាយធម្មតាទេ។
យ៉ាងណាក្តី ថ្មីៗនេះស្រ្តីជាប្រពន្ធបានដឹងការពិតថា កូនស្រីរបស់គាត់មិនបានទៅរស់នៅជាមួយនឹងជីដូនជីតារបស់គេឡើយ ទើបនាងសម្រេចទៅប្តឹងប៉ូលិស ដើម្បីជួយធ្វើអន្តរាគមន៍។ នៅមុខប៉ូលិស បុរសជាប្តីបានសារភាពថា គាត់បានលក់កូននោះបាត់ទៅហើយ ដើម្បីយកប្រាក់ទៅសងគេព្រោះគាត់បានជំពាក់លុយគេជិត ៩ ពាន់ដុល្លារឯណោះ។ ក្រោយបែកធ្លាយរឿងនេះប៉ូលិសអាចតាមរកកូនស្រីនោះឲ្យមកម្តាយគេវិញបាន ហើយបុរសជាប្តីត្រូវប៉ូលិសឃាត់ខ្លួន និងប្រឈមនឹងការជាប់គុកប្រមាណជា ៣ ឆ្នាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


