ព្រៃផ្សៃមែន! ចាក់សាំងដុតកូនក្មេង ដោយសារខឹងលួចលុយ២ម៉ឺនរៀន
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា ស្ត្រីម្នាក់តែងខ្លួនជាប្រុសឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ រស់នៅភូមិគោកក្នាំង ឃុំរើល ស្រុកពូក ត្រូវនគរបាលស្រុកពួកឃាត់ខ្លួន កាលពីវេលាម៉ោង១១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩០នេះ ដែលជាប់សង្ស័យចាក់សាំងដុតកូនក្មេងម្នាក់ ដែលរស់នៅភូមិជាមួយគ្នា ឈ្មោះ ពន ប៉ិន ភេទប្រុស អាយុ០៩ឆ្នាំ បណ្ដាលឲ្យឆេះរលាត់ ស្បែកមួយចំហៀងខ្លូន ផ្នែកខាងឆ្វេង ហើយជនរងគ្រោះ បានយកទៅព្យាបាលនៅមន្ទីពេទ្យកុមារជ័យវរ្ម័នទី៧ ។

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងទៀតថា មូលហេតុនៃគ្រោះថ្នាក់នោះ ដោយសារតែខឹងក្មេងប្រុសខាងលើ ចូលលួចលុយរបស់ខ្លួន ចំនួន២ម៉ឺនរៀល ហើយខ្លួនបានចាក់សាំងមួយគំរបដប ចាក់លើអាវដុតក្មេងតែម្ដង បណ្តាលឲ្យជនរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លូនផ្នែកខាងឆ្វេង។ ក្រោយហេតុក្មេងរងគ្រោះ ត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យជ័យវរ្ម័នទី៧ ចំណែកឯជនសង្ស័យវិញ ត្រូវបានកម្លាំងជំនាញបានចុះស្រាវជ្រាវកន្លែងកើតហេតុ ព្រមទាំងបានកសាងសំណុំរឿង ធ្វើការស្រាវជ្រាវ និងបានសហការជាមួយការិយាល័យប្រឆាំងការជួញដូរ និងឃាត់ជនសង្ស័យបានហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តនីតិវិធីបន្ត ៕


