ចិន ឯកភាពជួយសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការ ក្រុង Chongqing ដើម្បីសិក្សាពីការរៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail System នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម Zhou បានយល់ព្រមលើសំណើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការ រវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងសិក្សាលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងឡូជីស្ទីករវាងប្រទេសទាំងពីរ ដោយឯកឧត្តម Zhou បានសន្យាថានឹងរៀបចំក្រុមការងារគណៈប្រតិភូ នៃការិយាល័យដឹកជញ្ជូនក្រុង Chongqing (Chongqing Municipal Transport Bureau) និងក្រុមការងារឡូជីស្ទីក ទៅបំពេញទស្សនកិច្ចសិក្សា នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
រួមជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងគណៈប្រតិភូ ក៏បានធ្វើទស្សនកិច្ចសិក្សា ប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅរោងជួសជុលថែទាំរថភ្លេីង និងចុះពិនិត្យនៅតាមទីតាំងស្ថានីយមួយចំនួន ព្រមទាំងជិះសាកល្បងរថភ្លេីងប្រភេទនេះ ក្នុងក្រុង Chongqing ប្រទេសចិន ផងដែរ៕







ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ៖ ណារ៉ែន