ក្រពើភ្នំ ត្រូវបានគេស្គាល់ថាមាននៅសេសសល់ក្នុងព្រៃ ដែលកំពុងរស់នៅក្នុងអាងទន្លេមេគង្គ និងតំបន់ដីសើមរបស់កម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្រពើភ្នំ ត្រូវបានគេស្គាល់ថាមាននៅសេសសល់ក្នុងព្រៃ ដែលកំពុងរស់នៅក្នុងអាងទន្លេមេគង្គ និងតំបន់ដីសើមរបស់កម្ពុជា។ សត្វប្រភេទនេះ ត្រូវបានចាត់ទុកជិតផុតពូជ ហើយទម្ងន់របស់ពួកវាអាចឡើងដល់ទម្ងន់រាប់រយគីឡូក្រាម ហើយតាមរយៈការសិក្សាស្រាវជ្រាវដោយអង្គការ WWF-កម្ពុជា បានប៉ាន់ប្រមាណថា ពួកវាមានចំនួនប្រមាណតែ ១០ ក្បាលប៉ុណ្ណោះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។

តាមប្រភពព័ត៌មានពី WWF-Cambodia បានឱ្យដឹងនាពេលថ្មីៗនេះថា សត្វល្មូនប្រភេទនេះ បន្តរងការគំរាមកំហែងដោយការបរបាញ់ ការរំខានរបស់មនុស្ស និងការផ្លាស់ប្តូរទីជម្រក។ ជាមួយគ្នានោះ អង្គការ WWF នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារប្រភេទសត្វក្រពើភ្នំនេះផងដែរ។
សូមបញ្ជាក់ជូនថា តាមប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេស ដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោក ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ក្បាលប៉ុណ្ណោះ។

អស់រយៈពេលជាង ២០ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។ ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបាន ការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិ។
ទីតាំង ៥ ដែលកំពុងអនុវត្តការអភិរក្សយ៉ាងសកម្មរួមមាន៖ អូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាទៃលើ ស្ថិតក្នុងខេត្តកោះកុង និងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ (Re-introduction program) ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ។
គួរបញ្ជាក់ថាក្នុងរយៈពេលកន្លងមកនេះ គម្រោងអភិរក្សក្រពើកម្ពុជា បានលែងក្រពើភ្នំពូជសុទ្ធនៅលើតំបន់មួយចំនួនមានដូចជា៖
១. ស្ទឹងខៀវ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ)
២. ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រែអំបិល ខេត្តកោះកុង
៣. ស្ទឹងដាច់ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង
៤. អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង
៥. អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់
៦. ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង
៧. ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង៕



ប្រភព៖ ក្រសួងព័ត៌មាន