ព័ត៌មានជាតិ

ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចការសាងសង់បាន ១០០ % ហើយ

BY
soknita
November 29, 2024

(ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានឱ្យដឹងថា ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេសលម្អិត វាយតម្លៃយល់ព្រមទទួលយក កិច្ចការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។

ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោក លោកស្រី ក្រុមការងារពាក់ព័ន្ធគម្រោង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។ ការចុះពិនិត្យនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ក្នុងន័យ អាចធានាបានថាគម្រោងផ្លូវជាតិលេខ៣១ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់។ ឯកឧត្តម បានកើនរំឮកដល់ក្រុមហ៊ុនសាងសង់ សូមបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ ទន្ទឹមនោះដែរក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងរៀបចំឱ្យបានរួចរាល់ និងបានឆាប់ជូន មុនពិធីបុណ្យសមុទ្រដែលប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ជូនថាគិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ លទ្ធផលការងារបានសម្រេច ១០០% ហើយ ដោយមានការវាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: