ព័ត៌មានជាតិ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឯកភាពបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនៅក្នុងទីផ្សារ តាមការស្នើសុំរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ

BY
soknita
November 29, 2024

(រាជធានីភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា (ន.អ.ប.) បានឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនៅក្នុងទីផ្សារបន្តទៀត ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអតិថិជនទូទៅ តាមការស្នើសុំរបស់ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ហៅកាត់ថា (ស.វ.អ.ក) កាលពីក្នុងកិច្ចប្រជុំកាលកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិភាក្សាលើការអនុវត្តស្ដីសេចក្ដីជូនដំណឹងពីការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ ការផ្តល់សេវាកម្មវាយតម្លៃបឋម(ការចេញតម្លៃបឋមដោយគ្មានការវាយតម្លៃស្របតាមស្តង់ដារ និងបទប្បញ្ញត្តិជា ធរមាន) ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនវាយតម្លៃដែលទទួល បានអាជ្ញាបណ្ណពី ន.អ.ប. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ន.អ.ប. សរុបចំនួន ៧៧ នាក់។ កិច្ចប្រជុំ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពន្យល់បន្ថែមអំពីខ្លឹមសារសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ការ ផ្តល់សេវាកម្មវាយតម្លៃបឋមពីក្រុមហ៊ុនវាយតម្លៃជូនអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចុះថ្ងៃទី ៣១ ខែតុលា គ.ស.២០២៤។

យោងតាមការស្នើសុំរបស់ ស.វ.អ.ក ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ន.អ.ប. បានឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនៅក្នុងទីផ្សារបន្តទៀត ដោយឈរលើគោលការណ៍ ចម្បង ៤ ចំណុច៖

១. ការប្រតិបត្តិខុសពីនិយាមអន្តរជាតិ

២. ការប្រតិបត្តិខុសពីក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ

៣. ការប្រតិបត្តិខុសពីខ្លឹមសារប្រកាសលេខ០៦៤ អ.ស.ហ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ស្តីពី អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ

៤. ការប្រតិបត្តិខុសពីលក្ខន្តិកៈសមាគម

ជាមួយគ្នានេះ ន.អ.ប. បានបញ្ជាក់លើខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះថា ការបញ្ឈប់ការផ្តល់ សេវាកម្មវាយតម្លៃបឋមនេះ មិនមែនត្រឹមតែបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមរបស់ក្រុមហ៊ុនវាយតម្លៃ ចំពោះអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនេះមានវិសាលភាពដល់អតិថិជនទូទៅផងដែរ ព្រមទាំងបានសម្រេចពន្យារពេលអនុវត្តសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីទុកពេលវេលាសមរម្យ ជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងដៃគូសហការជាក្រុមហ៊ុនវាយតម្លៃក្នុងការត្រៀមខ្លួនអនុវត្តសេចក្តីជូន ដំណឹងនេះ។

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: