មន្រ្តីអត្តសញ្ញាណកម្ម បន្តផ្តល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋជាង ៤ពាន់ក្បាលទៀតក្នុងសប្ដាហ៍ ចុងក្រោយនៃខែវិច្ឆិកា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា គិតពីថ្ងៃទី ២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤ នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋគ្រប់រាជធានី ខេត្តបានសរុបជាង៤ពាន់ក្បាល។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត បានបន្ថែមថា ក្នុងសប្ដាហ៍ចុងក្រោយនោះដែរ មន្ត្រីក៏បានផ្តល់សេវាលិខិតធ្វើដំណើរជូនពលរដ្ឋជាង៩រយក្បាល សៀវភៅស្នាក់នៅជាង២ពាន់ក្បាល សៀវភៅគ្រួសារជាង១ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណជាង ៤ពាន់សន្លឹកផងដែរ។
លិខិតឆ្លងដែន (ធម្មតា) គឺជាឯកសារបញ្ជាក់ថាសាមីខ្លួនជាពលរដ្ឋកម្ពុជាមានសិទ្ធិសុំទិដ្ឋាការឆ្លងដែន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅ។ បើតាមក្រសួងមហាផ្ទៃ លិខិត ឆ្លងដែនធម្មតាមានសុពលភាពរយៈពេល៥ឆ្នាំសម្រាប់កុមារចាប់ពីអាយុពី ០ ឆ្នាំដល់ ៥ ឆ្នាំ និងមានសុពលភាពរយៈពេល ១០ឆ្នាំ សម្រាប់អ្នកមានអាយុពី ៦ ឆ្នាំឡើង។

នីតិវិធីនៃការស្នើសុំធ្វើលិខិតឆ្លងដែនធម្មតា គឺសម្រាប់ពលរដ្ឋមានអាយុចាប់ពី ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លង សំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមាន សមត្ថកិច្ច។ សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណា ព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត៕

ប្រភព៖ ក្រសួងព័ត៌មាន