សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានចំណាយលើថ្លៃព្យាបាលទាំងស្រុងដល់ តារាកំប្លែង នាយតាក់ ស៊ី ក្រោយបញ្ចូនទៅសង្គ្រោះបន្ទាន់
កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ តាមរយៈគណនីផ្ទាល់ខ្លួនរបស់ តារាកំប្លែង នាយតាក់ ស៊ី បានបង្ហោះសារថ្លែងអំណរអរគុណទៅកាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចំណាយថវិកាជួយព្យាបាលជំងឺរបស់លោកទាំងស្រុង។ ក្នុងនោះ នាយតាក់ ស៊ី បាននិយាយថា៖ «ខ្ញុំបាទ នាយតាក់ស៊ី និងភរិយាក៏សូមគោរពថ្លែងអំណរអរគុណដល់ សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រចន្ចមុន្នី ដែលបានចំណាយថវិកាព្យាបាលជំងឺរបស់ខ្ញុំទាំងស្រុង ខ្ញុំបាទនឹងគ្រួសារសូមថ្លែងអំណរអរគុណ ហើយក៏អគុណដល់លោកគ្រូអ្នកគ្រូពេទ្យផងដែរ ដែលយកចិត្តទុកដាក់ដល់រូបខ្ញុំបាទ»។

លើសពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមជាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏បានចុះសួរសុខទុក្ខ នាយ តាក់ស៊ី ដែលកំពុងមានជំងឺប្រចាំកាយ លើសសម្ពាធឈាម ទឹកនោមផ្អែម និងខ្សោយតម្រងនោម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលាផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ តារាកំប្លែង នាយតាក់ ស៊ី បានបញ្ចូនទៅមន្ទីរពេទ្យកេតុមាលា ដើម្បីសង្គ្រោះបន្ទាន់ ដោយសារជំងឺទឹកនោមផ្អែមធ្វើអោយខូចក្រលៀន៕




ប្រភព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ប្រភព៖ នាយតាក់ ស៊ី