ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ឆ្នាំ២០២៤ ទាំង ១៣០នាក់ នៅខេត្តបាត់ដំបង ទទួលបានម៉ូតូម្នាក់មួយគ្រឿង

    BY December 9, 2024
    សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ឆ្នាំ២០២៤ ទាំង ១៣០នាក់ នៅខេត្តបាត់ដំបង ទទួលបានម៉ូតូម្នាក់មួយគ្រឿង

    (ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង។

    ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍នាឱកាសនោះថា សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្ទីរអប់រំ យុវជន និងកីឡា ពិសេស បុគ្គលិកសិក្សា លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្កបរិយាកាស ក៏ដូចជាបានផ្តល់ឱកាសអប់រំសម្រាប់សិស្សានុសិស្សនៅក្នុងខេត្តបាត់ដំបងទាំងមូល ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅតាមចក្ខុវិស័យអប់រំរបស់ រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ។

    ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុង ស្រុក/ក្រុងទាំង១៤ នៃខេត្តបាត់ដំបង ដែលបានផ្តល់ជូនទាំងថវិកា និងសម្ភារៈ សម្រាប់ឧបត្ថម្ភដល់សិស្សទទួលបាននិទ្ទេស A ទាំងអស់ រួមទាំងថវិកាលើកទឹកចិត្តសម្រាប់នាយក នាយិកាវិទ្យាល័យមួយចំនួន។ អំណោយដ៏ថ្លៃថ្លានេះ ពិតជាបានឆ្លុះបញ្ចាំងពីស្មារតី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពអប់រំ តាម រយៈការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

    សម្តេច ក៏បានផ្តាំផ្ញើនូវកិច្ចការងារមួយចំនួន ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ រួមមានសូមឱ្យក្មួយៗចៅៗ បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជាស្វ័យសិក្សា ដើម្បីឈានទៅសម្រួចសមត្ថភាពនៅថ្នាក់ឧត្តមសិក្សាស្របតាមស្មារតីនៃគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ក៏ដូចជាគោលនយោបាយ ស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០។ សូមចៀសអោយឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿង ញៀន និងចៀសឱ្យឆ្ងាយពីបាបមិត្ត គឺមិត្តដែលនាំយើងទៅរកក្តីវិនាសអន្តរាយ ឃ្លាតចាកឆ្ងាយពីការសិក្សា និងធ្វើឱ្យយើងធ្លាក់ទៅក្នុងរណ្តៅនៃអវិជ្ជា។

    សូមកុំភ្លេចខ្លួន និងកុំមានមោទនភាពជ្រុលពីការទទួលបាននិទ្ទេសល្អនៅក្នុងសាលា ហើយលែងដៃទម្លាក់ចោលការខិតខំព្យាយាមសិក្សាអោយសោះ ព្រោះថា “ជោគជ័យនៅក្នុងសាលា មិនទាន់ប្រាកដថា យើងនឹងអាចទទួលបានជោគជ័យនៅក្នុងជីវិត ដោយមិនបាច់ខំប្រឹងបន្តនោះទេ”។ សូមបន្តខិតខំរៀនសូត្របន្ថែម យោងទៅតាមពាក្យស្លោកថា ”រៀនហើយរៀនទៀត រៀនមិនចេះចប់ ឬការសិក្សាពេញមួយជីវិត”៕

    ប្រភព៖ Samdech Krolahom Sar Kheng 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay