ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការនគរបាលជាតិ៖ «ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិលើបណ្ដាញសង្គមផ្សេងៗ សាមីខ្លួនត្រូវពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ»

    BY December 9, 2024
    អគ្គស្នងការនគរបាលជាតិ៖ «ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិលើបណ្ដាញសង្គមផ្សេងៗ សាមីខ្លួនត្រូវពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ»

    យោងតាម ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិលើបណ្ដាញសង្គមផ្សេងៗ ដោយពិនិត្យឃើញថាបច្ចុប្បន្ន មានមន្ត្រីនគរបាលជាតិមួយចំនួនតូចបានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ក៏ដូចជាថតវីដេអូកំសាន្តជាលក្ខណៈផ្ទាល់ខ្លួនជាច្រើន និងបានផ្សព្វផ្សាយលើបណ្តាញសង្គម Facebook, TikTok, Instagram និងបណ្តាញសង្គមផ្សេងៗទៀត ដែលវីដេអូមួយចំនួនមានភាពមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ទទួលបានការរិះគន់ពីសាធារណជនផងដែរ។

    ដើម្បីបង្ហាញពីឆន្ទៈមោះមត់ និងភាពមិនទន់ជ្រាយរបស់មន្ត្រីនគរបាលជាតិអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ដូចខាងក្រោម៖

    ១-ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ត្រូវស្របតាមអនុក្រឹត្យលេខ១៤ អនប្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០០០ ស្តីពីការកែសម្រួលឯកសណ្ឋាន និងផ្លាកសញ្ញារបស់នគរបាលជាតិ។

    ២-ត្រូវបានរឹតបន្តឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតសម្តែងជាវីដេអូកំសាន្តតាមរយៈបណ្តាញសង្គមនានា ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន។

    ៣-ការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គមដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ។

    ៤-ត្រូវប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ក្នុងពេលបំពេញការងារក្នុងពេលបំពេញប្រតិបត្តិការ សន្និសីទសារព័ត៌មាន ជាពិសេសមន្ត្រីនគរបាលជាតិដែលប្រើប្រាស់ឯកសណ្ឋានស៊ីវិលមិនត្រូវចូលរួមថតរូបជាមួយកម្លាំងប្រតិបត្តិការ និងមិនត្រូវឈរថតពីក្រោយជនល្មើស ឬជនសង្ស័យ។

    ៥-ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំចំពោះមន្ត្រីក្រោមឱវាទ លើការបង្ហោះវីដេអូផ្សេងៗដែលមានលក្ខណៈជាប្រតិបត្តិការ ឬការប្រើប្រាស់កម្លាំងរួម លើបណ្ដាញសង្គមដោយត្រូវមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន-អង្គភាព ឬស្នងការនគរបាលសាមីជាមុន។

    ទទួលបានសេចក្ដីណែនាំនេះ ស្នើ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព និង ស្នងការនគរបាលរាជធានី-ខេត្ត ចាត់តាំងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay