ក្រសួងពាណិជ្ជកម្ម រំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥ម៉ឺននាក់ ក្នុង«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» រយៈពេល ៤ថ្ងៃ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល ក្នុងបរិវេណ បុរីប៉េងហួតបឹងស្នោ គ្រោងនឹងរៀបចំស្តង់ពិព័រណ៍ចំនួន ២៤៦ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស។

ការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងខាងលើ បានធ្វើឡើងនៅក្នុងកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មាន ស្ដីពីការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង នាថ្ងៃទី ១០ ខែធ្នូ ម្សិលមិញនេញ។
ឯកឧត្តម អ្នកនាំពាក្យ បានបន្តថា អំឡុងពេល៤ថ្ងៃ នៃការតាំងពិព័រណ៍ និងកម្មវិធីអមនានា ក្រសួងពាណិជ្ជកម្មរំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥០,០០០នាក់ រួមមាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាជាតិ និងអន្តរជាតិ សាធារណជនទូទៅជាពិសេសអ្នកទិញ និងអ្នកចែកចាយមកពីបណ្តាប្រទេសនានា។
ជាមួយគ្នានោះ ព្រឹត្តិការណ៍ពិព័រណ៍នេះនឹងមានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស។ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិផងដែរ។
ឯកឧត្តមអ្នកនាំពាក្យ បន្តថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាស និងឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញសកម្មភាពការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការសាងបណ្តាញរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិអ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។

នៅក្នុងពិព័រណ៍នេះ ក្រៅពីដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ ក៏នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ ថ្ងៃទី១-វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័រណ៍អនឡាញ, ថ្ងៃទី២-វេទិកាពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-កូរ៉េ, ថ្ងៃទី៣-កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា, ថ្ងៃទី៤-វេទិកាស្តីពីការនាំចេញរបស់កម្ពុជា និងការប្រគំតន្ត្រីខា្នតតូចនៅខាងមុខសាលរៀបចំពិព័រណ៍ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦៖០០ល្ងាច ដល់ម៉ោង៨៖០០យប់ ដើម្បីបង្កើនភាពទាក់ទាញនិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ ដែលមានការសម្តែងបែបប្រពៃណី ការសម្តែងបែប Acoustic និងការប្រគុំតន្ត្រីសម័យជាដើម។
សូមបញ្ជាក់ថា ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពិព័ណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល» ដែលចាប់តាំងពីឆ្នាំ ២០០៦ មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន ១៦លើក។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ CTE ក្នុងគោលបំណងធ្វើឱ្យពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញងាយស្រួលចងចាំ ឆ្លុះបញ្ចាំងពីគោលគំនិតឧត្ដមភាព និងប្រកបដោយភាពទាក់ទាញ ក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់វឹក និងការយកចិត្តទុកដាក់ទៅលើគុណភាព និងភាពច្នៃប្រឌិតខ្ពស់៕


ប្រភព៖ ក្រសួងព័ត៌មាន