ក្រសួងវប្បធម៌ ចេញសេចក្ដីបញ្ចាក់ ក្រោយយករូបភាពនៃសកម្មភាពថតភាពយន្ត «និទាននៃព្រៃស្មសាន» នៅតំបន់កំពង់ភ្លុក ទៅផ្សព្វផ្សាយនិងរិះគន់
យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ថ្មីៗនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សង្កេតឃើញថា មានមហាជ និងសារព័ត៌មានមួយចំនួនបានបង្ហោះរូបភាពនៃសកម្មភាពឈុតក្រៅឆាករបស់ភាពយន្ត «និទាននៃព្រៃស្មសាន» ដែលកំពុងធ្វើការថត នៅតំបន់កំពង់ភ្លុក ទៅផ្សព្វផ្សាយខុសពីការពិត។

ដោយមានការចែកចាយរូបភាពនៃសកម្មភាពថតភាពយន្តមួយនេះកើតឡើង ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមយកមកផ្សព្វផ្សាយបន្តនិងរិះគន់ ត្រង់ឈុតមួយដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុងតំបន់នោះប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបាន កែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរជាមួយសម្ភារៈបរទេសនោះទេ។
ពាក់ព័ន្ធករណីនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ផលិតកម្មរួម គ្នារវាង Palm Film Production របស់កម្ពុជា និង Benchmark Production របស់ប្រទេសចិន ទទួលបានសិទ្ធផលិតភាពយន្តរឿង “និទាននៃព្រៃស្មសាន” ដែលជាភាពយន្តបែបប្រឌិដ្ឋបរិយាយពីបុរស ជនជាតិចិនម្នាក់ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើននៃសាច់រឿងគឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។
សេចក្តីបញ្ចាក់ខាងលើនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន បណ្តាញសង្គមនានា មេត្តាជ្រាបនិងកុំយករូបភាពនៃសកម្មភាពថតភាពយន្តមកផ្សព្វផ្សាយ និងបកស្រាយខុសពីទិដ្ឋភាពជាក់ស្តែង។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែពិនិត្យលម្អិតទៅលើសាច់រឿងមុននឹងផ្តល់ជូនផលិតករនូវលិខិត អនុញ្ញាតថត ដើម្បីជៀសវាងផលប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP