ព័ត៌មានជាតិ

មន្រ្តីកិច្ចសន្យាម្នាក់ឈរជើងនៅគោលដៅស្ពានអាកាស ៥មករា ដែលត្រូវបានគេថតបង្ហោះរិះគន់ក្នុងបណ្ដាញសង្គម ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកហៅមកសួរនាំ

BY
soknita
December 13, 2024

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ បានចេញសេចក្តីបំភ្លឺឱ្យដឹង ពាក់ព័ន្ធនឹងមន្រ្តីកិច្ចសន្យាម្នាក់ឈរជើងនៅគោលដៅស្ពានអាកាស ៥មករា ដែលត្រូវបានគេថតបង្ហោះរិះគន់ក្នុងបណ្ដាញសង្គម កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។

ក្រោយឃើញការបង្ហោះព័ត៌មាននៅបណ្ដាយសង្គម ថាមានមន្រ្តីជាប់កិច្ចសន្យាម្នាក់ឈរជើងនៅគោលដៅស្ពានអាកាស ៥មករា (តិចណូ) ពួនស្ទាក់រងចាំចាប់មធ្យោបាយប្រជាពលរដ្ឋដោយអនុវត្តផ្ទុយគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ដោយមន្រ្តីជាប់កិច្ចសន្យានោះមានឈ្មោះថា លោក ប៊ន បៃលិន មន្រ្តីជាប់កិច្ចសន្យាបម្រើការងារនៅផ្នែកបញ្ជាចរាចរណ៍ទី២ ឈរជើងនៅគោលដៅស្ពានអាកាស ៥មករា (តិចណូ) កាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ត្រូវបានខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញមកសួរនាំជុំវិញការបង្ហោះរិះគន់នៅក្នុងបណ្តាញសង្គម។

ជាមួយគ្នានោះ បើតាមការឆ្លើយបំភ្លឺរបស់មន្រ្តីកិច្ចសន្យាខាងលើ គឺរូបគាត់មិនបានឈរពួនស្ទាក់នោះទេ គឺគាត់ឈររងចាំបញ្ចៀសចរាចរណ៍សម្រូលក្បួនរថយន្តថ្នាក់ដឹកនាំឆ្លងកាត់ខណៈដែលមានការហៅតាម (ID) ឱ្យត្រៀមចេញសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំធ្វើដំណើរជិតដល់គោលដៅរបស់ខ្លួននោះហើយ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: